ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានអញ្ជើញដឹកនាំអង្គប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីដើម្បីពិនិត្យ និងធ្វើការឆ្លង នូវកម្មវិធីវិនិយោគថ្នាក់ជាតិលើការងារ គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងវិស័យធនធានទឹក ២០១៩-២០៣៣


នាព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធានធនទឹក និងឧតុនិយម បានអញ្ជើញដឹកនាំអង្គប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីដើម្បីពិនិត្យ និងធ្វើការឆ្លង នូវកម្មវិធីវិនិយោគថ្នាក់ជាតិលើការងារ គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងវិស័យធនធានទឹក ២០១៩-២០៣៣ របស់ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា។

អញ្ជើញចូលរួមក្នុងអង្គប្រជុំខាងលើរួមមាន ÷

១- ខាងរាជរដ្ឋាភិបាល ៖ មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២- ខាងដៃគូរអភិវឌ្ឍន៍រួមមាន ៖

ក- លោក ជំទាវ Sunniya Durrani Jamal ប្រធានស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា។

ខ- លោកស្រី Thuy Trang Dang ប្រធានក្រុមបេសកកម្ម ADB HQ។

គ- មន្រ្តីADBជាច្រើនរូបទៀត។

ឃ- លេខាទី១ស្ថានទូត ប្រទេសអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា និង សហការីអញ្ជើញចូលរួមតំណាងឲ្យ DFAT របស់ក្រសួងការបរទេសប្រទេសអូស្រ្តាលី

ង- តំណាង World Bank, តំណាង AFD, តំណាង EUនិង តំណាង WCS។

ច- ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងធនធានទឹក និងឧតុនិយម។

ឆ- ថ្នាក់ដឹកនាំ នៃអាជ្ញាធរទន្លសាប និងគណ:កម្មាធិការជាតិទន្លេរមេគង្គកម្ពុជា ។

គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួង និងដៃគូរអភិវឌ្ឍន៍ ខាងលើនេះ គឺដើម្បីប្រមូលនៅធាតុចូលបន្ថែមទៀតលើកម្មវិធីវិនិយោគថ្នាក់ជាតិលើវិស័យទឹកឲ្យកានតែមានលក្ខណ:គ្រប់ជ្រុងជ្រោយ និងទូលំទូលាយហើយធ្វើការរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ក្រសួងធនធានទឹក និងឧតុនិយមធ្វើការកសាងនូវកម្មវិធីជាតិសម្រាប់គ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និង វិស័យធនធានទឹក ២០១៩-២០៣៣ នេះឡើងដើម្បី ÷

១. ធ្វើឲ្យប្រព័ន្ធធារាសាស្រ្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាពខ្ពស់ ធន់ទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងការឡើងកំដៅរបស់ផែនដី។

២. ធ្វើការបង្កើត និងរៀបចំ សកបទ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព។

៣. បង្កើមជ្ឈមណ្ឌលទិន្នន័យទឹកជាតិ ដែលពោពេញដោយសមត្ថភាព និងបច្ចេកវិទ្យាខ្ពស់ (Smart Technology) ធ្វើការគ្រប់គ្រងទិន្នន័យទឹក បញ្ជា និងគ្រប់គ្រងទឹកក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើការព្យាករឲ្យ កាន់តែមានប្រសិទ្ធភាព លើការងារជលសាស្រ្ត និងឧតុនិយម ធ្វើការព្យាករណ៏ដោយសុក្រឹត្យភាព ភ្ជាប់ជាមួយនឹងរូបភាពដែលផ្តល់ដោយផ្កាយរណបលើអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។

៤ សារៈប្រយោជន៍ដ៏ធំនៃការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹកគឺធ្វើការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាពលើអាងទន្លេទាំងអស់ក្នុង៥ តំបន់ និងក្នុងអនុអាងទន្លេចំនួន ៣៩។ ជាពិសេសធ្វើឲ្យការបែងចែកទឹកសំរាប់មនុស្ស សត្វ និងកសិកម្ម និងសំរាប់ធានានិរន្តរភាពលើវិស័យអេកូទេសចរណ៍ក្នុងតំបន់ជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងទន្លេសាបឲ្យ ប្រព្រឹត្តទៅប្រកបដោយសមធម៌ និងមានការអភិវឌ្ឍន៍ ដែលនេះជាការរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងដល់ភាពរីកចម្រើន វិស័យសេដ្ឋកិច្ចជាតិយើងផង។

ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកំលាំងកាយចិត្តចូលរួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុុ និង ADB ធ្វើការកសាងយុទ្ធសាស្រ្តដៃគូរក្នុងក្របខណ្ឌទូទាំងប្រទេស Country Partnership Strategies (CPS 2019-2023) និងធ្វើការកសាងផែនការកញ្ចប់ថវិការំកិល ២០១៩-២០២២ (Country Programming, CPM Pipeline 2019-2022) ឲ្យ ទួលបានជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ជូនថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធទាំងអស់ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលមានវត្តមានក្នុងអង្គប្រជុំនេះបានធ្វើការគំទ្រ និងអបអរសារទរលើកម្មវិនិយោគជាតិលើការគ្រប់គ្រងវិស័យធារាសាស្រ្ត និងវិស័យធនធានទឹកនេះណាស់ ។