ឯកឧត្តម គួច វែងស្រ៊ុន និងឯកឧត្តម អន ភារៈ បានចុះពិនិត្យស្ថានភាពទឹកនៅតាមប្រភពទឹកសំខាន់ៗនានា សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ


ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អន ភារៈ អភិបាលរងនៃគណអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងលោកប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនទៀត បានចុះពិនិត្យស្ថានភាពទឹកនៅតាមប្រភពទឹកសំខាន់ៗនានា សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតនៅក្នុងក្រុងខេមរភូមិន្ទ ។

បើតាមលោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានឲ្យដឹងថា បច្ចុប្បន្ន ក្រុងខេមរភូមិន្ទ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ខណៈទឹកនៅក្នុងអាងជ្រោះតាប៉ន ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត បានចាប់ផ្តើមរីងខះជាបណ្តើរៗហើយ ។ មន្ទីរ និងអង្គភាពជំនាញរបស់ខេត្ត គ្រោងនឹងទាញយកទឹកពីអាងទឹកមួយកន្លែងទៀត ស្ថិតនៅក្រោយព្រលានយន្តហោះ ក្នុងសង្កាត់ស្មាច់មានជ័យ ដែលបច្ចុប្បន្ននៅសល់ទឹកប្រមាណ ៨ ម៉ឺនម៉ែត្រគូប មកផ្គត់ផ្គង់បន្ត ។ លោកបញ្ជាក់បន្ថែមថា ក្រៅអាងទឹកក្រោយព្រលានយន្តហោះនេះ ក៏នៅមានប្រភពទឹកដ៏មានសក្តានុពលមួយទៀត ដែលអាចផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាតនាពេលខាងមុខ នោះគឺទឹកជ្រោះសិលាមានជ័យ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្មាច់មានជ័យនេះដែរ ។ លោកប្រធានមន្ទីរបន្តថា នាពេលកន្លងមក លោកក៏ធ្លាប់បានណែនាំដល់មន្ទីរ និងអង្គភាពជំនាញរបស់ខេត្ត ធ្វើការសិក្សាពីសក្តានុពលទឹកនៅទឹកជ្រោះសិលាមានជ័យនេះ សម្រាប់ផលិតទឹកស្អាតផ្គត់ផ្គង់នៅក្នុងក្រុងផងដែរ ។

នៅក្នុងពេលចុះពិនិត្យនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ អង្គភាពជំនាញក្នុងខេត្ត ក្នុងការអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ក៏ត្រូវចាត់ឲ្យមានការចុះតាមដានជាប្រចាំនៅតាមតំបន់ផ្សេងៗ និងបន្តស្វែងរកប្រភពទឹកឲ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់នាពេលខាងមុខ ។