ខេត្តមណ្ឌលគិរីចំណាយថវិកា ១០លានដុល្លារ កសាងឧទ្យានធំជាងគេនៅទូទាំងប្រទេស


មណ្ឌលគិរី៖ អាជ្ញាធខេត្តមណ្ឌលគិរី បានគ្រោងចំណាយទឹកប្រាក់ ១០លានដុល្លារ ដើម្បីកសាងសួនឧទ្យានសែនមនោរម្យ ដែលមានទំហំធំជាងគេបង្អស់នៅប្រទេសកម្ពុជា  ហើយបានរៀបចំពិធីបើកការដ្ឋានសាងសង់ នៅលើ​បរិវេណ​ដីអតីត​ប្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាន​ឲ្យដឹងថា ឧទ្យានយ៉ាងប្រណីតមួយនេះ មានរចនាបថរបស់ខ្មែរ មានដាំដើមឈើចម្រុះ ទីលានហាត់កីឡា សំណង់​វិមានឯករាជ្យ រូបសំណាងគង សំណាកឃ្លោក រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ ដាំដើម​ឈើ និងរុក្ខជាតិសំខាន់ៗ ដែលបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរប​ស់ខេត្តឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះ​ទៀតក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិ។

ឯកឧត្តម ស្វាយ សំអ៊ាង បន្តថា “ការចំណាយជាក់ស្តែង គឺអាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែ​ដោយមានការសហការនឹងជំនួយពីសប្បុរសជន ក្រុមហ៊ុននានាទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុន​សម្រាប់​ធ្វើ​ដោយ​មិន​ទាន់​មានការចំណាយលើកញ្ចប់ថវិការរបស់ថ្នាក់ជាតិឡើយ”។

ឯកឧត្តមអភិបាលខេត្តបានណែនាំ និងជំរុញដល់មន្ទីរអង្គភាព ក៏ដូចជា វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូល​រួម​សហការគ្នាសាងសង់ វិមានឯករាជ្យនេះឱ្យទទួ​លបានជោគជ័យ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ ហើយបន្តអភិវឌ្ឍន៍ ខេត្ត​មណ្ឌលគិរី ឱ្យប្រែមុខមាត់ថ្មីបន្ថែមទៀត។

ឧទ្យានសែនមនោរម្យ បាននិងកំពុងសាងសង់នៅចំកណ្តាលបេះដូង ក្រុងសែនមនោរម្យ ហើយសួនច្បារដ៏​ធំមួយ​នេះ​មាន​បណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែងនិងគ្របដណ្តប់លើផ្ទៃដី ២០​ហិកតា​៕