ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រជុំត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៤ និងប្រចាំឆ្នាំ ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាព នៃអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ ២០១៨ បានបង្ហាញថា ការអនុវត្តផែនការសកម្មភាព សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ ២០១៨ សម្រេចបាន៩០% ធៀបនឹងការអនុវត្តផែនការសកម្មភាពសរុប។ ក្នុងនោះ, សមិទ្ធកម្មសម្រេចបានតាមផ្នែកនីមួយៗ នៃក្របខ័ណ្ឌ ផែនការសកម្មភាពរួម ដំណាក់កាល ទី៣រួមមាន៖

* ផ្នែកទី ១ «ភាពជឿទុកចិត្តនៃថវិកា» បង្ហាញថា ការគ្រប់គ្រងការប្រមូលចំណូលទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធសម្រេចបាន ១១៦.១% (ទិន្នន័យបណ្តោះអាសន្ន) ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨ ។ រីឯចំណាយសម្រេចបាន ៩៤.១% (ទិន្នន័យបណ្តោះអាសន្ន) ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៨ ។

* ផ្នែកទី ២ «ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ» បង្ហាញថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញ-វត្ថុសាធារណៈ ត្រូវបានពង្រីកបន្ថែមដល់ក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការកែសម្រួលប្លង់គណនេយ្យថ្មីឱ្យស្របតាម ស្តង់ដារអន្តរជាតិ ព្រមទាំងបានរៀបចំ និងដាក់ឱ្យអនុវត្តប្រកាសស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ថវិកាទាំង ៧ រួមមាន៖ ១).ចំណាត់ថ្នាក់អង្គភាពប្រតិបត្តិ និងរដ្ឋបាល, ២). ចំណាត់ថ្នាក់ភូមិសាស្ត្រ, ៣).ចំណាត់ថ្នាក់សេដ្ឋកិច្ច, ៤).ចំណាត់ថ្នាក់កម្មវិធី, ៥).ចំណាត់ថ្នាក់មុខងារ, ៦).ចំណាត់ថ្នាក់គម្រោង និង ៧).ចំណាត់ថ្នាក់មូលនិធិ ។

* ផ្នែកទី ៣ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» សម្រេចបានតាមគោលដៅ ដែលក្រសួង-ស្ថាប័នចំនួន៣៩ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី ។ រីឯ, រដ្ឋបាលរាជធានី-ខេត្ត ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធីចាប់ពី ឆ្នាំ ២០១៧-២០២១ ។

* ផ្នែកទី ៤ «ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់» សម្រេចបាននូវឌ្ឍនភាពគួរឱ្យកត់សម្គាល់ រួមមាន៖ ផែនការសកម្មភាពលម្អិតគាំទ្រយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ត្រូវបានរៀបចំ, គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាសមិទ្ធកម្មត្រូវបានរៀបចំ និងមុខងារសវនកម្មផ្ទៃក្នុងនៃក្រសួង-ស្ថាប័នចំនួន១៣ ត្រូវបានត្រួតពិនិត្យ ។

* ផ្នែកទី ៥ «ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព» មានវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍន៍សមត្ថភាពក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីរាជចំនួន ៨៥០ នាក់ មកពីក្រសួង-ស្ថាប័ន ។

ជាមួយគ្នានេះ, ដើម្បីតម្រង់ទិស និងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកប ដោយជោគជ័យ និងចីរភាព, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្តសំខាន់ៗ ក្នុងត្រីមាសទី១ នៃឆ្នាំ២០១៩ រួមមាន យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ។

ជារួម, ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០១៨ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វាយតម្លៃ និងសន្និដ្ឋាន ដូចតទៅ៖

* ភាពជឿទុកចិត្តនៃថវិកា នៅតែអាចរក្សាបានជាសារវន្ត,

* ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុបាន និងកំពុងកសាងតាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី ១ និងទី ២ ជាមួយភាពប្រុងប្រយ័ត្នខ្ពស់,

* ការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្រព័ន្ធថវិកាកម្ពុជា,

* យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ជាសមាសធាតុសំខាន់សម្រាប់កំណត់ទិសដៅគណនេយ្យភាព សមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និង

* ការកសាងសមត្ថភាពគឺជាកត្តាសំខាន់ ដើម្បីធានាឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យ សម្រេចបានតាមគោលដៅ និងជោគជ័យ៕