ឯកឧត្តម សុខ ឥសាន ថា ករណីដែលអង្គការមួយ នៅប្រទេសបារាំង ដាក់ប្រទេសកម្ពុជា ស្ថិតក្នុងបញ្ជីតាមដាន របស់អង្គការឃ្លាំមើល លាងលុយកខ្វក់ គឺមិនត្រឹមត្រូវ និងមានចរិតនយោបាយ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ករណីដែលអង្គការមួយ នៅប្រទេសបារាំង ដាក់ប្រទេសកម្ពុជា ស្ថិតក្នុងបញ្ជីតាមដាន របស់អង្គការឃ្លាំមើល លាងលុយកខ្វក់ គឺមិនត្រឹមត្រូវ និងមានចរិតនយោបាយ។

ការលើកឡើង របស់ឯកឧត្តម សុខ ឥសាន បែបនេះបន្ទាប់ពីអង្គការឃ្លាំមើល ការលាងលុយកខ្វក់អន្តរជាតិ បានដាក់បញ្ចូលកម្ពុជា ទៅក្នុងបញ្ជីតាមដាន ដោយសារតែ មានការព្រួយបារម្ភថា កម្ពុជាងាយរងគ្រោះ ដោយការលាងលុយកខ្វក់។ នេះបើយោងតាមការចុះផ្សាយ របស់វិទ្យុបារាំង។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមតេឡេក្រាម របស់ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “របស់ដែលហៅថា អង្គការមួយនៅប្រទេសបារាំង បានដាក់ការសង្ស័យថា នៅកម្ពុជាមានបញ្ហា លាងលុយកខ្វក់ ហើយចុះបញ្ជីកម្ពុជា ជាប្រទេសត្រូវតាមដាន។ បញ្ហាដាក់កម្ពុជា នៅក្នុងបញ្ជីប្រផេះបែបនេះ គឺមិនត្រឹមត្រូវឡើយ”។

ឯកឧត្តមសង្កត់ធ្ងន់ថា ការធ្វើបែបនេះ មកលើកម្ពុជា គឺដោយសារ មានចរិតនយោបាយ អាចស្ថិតនៅក្នុងរចនាសម្ព័ន្ធ នៃក្រុមមេក្លោង ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា តាមព្យាបាទកម្ពុជា ។ កម្ពុជាមិនមែន ជាប្រទេស មានចលនាភេរវកម្ម អន្តរជាតិឡើយ។

ឯកឧត្តមបញ្ជាក់ថា ការលាងលុយកខ្វក់ ច្រើនកើតឡើង នៅបណ្តាប្រទេស ដែលមានសកម្មភាព នៃអំពើភេរវកម្មអន្តរជាតិ និងអំពើឧក្រិដ្ឋកម្មគ្រឿងញៀនធំៗ តែប៉ុណ្ណោះ៕