ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧


(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។

ពិធីមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យនាពេលកន្លងមក ពិសេសការផ្តួចផ្តើមឱ្យមានចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់អាស៊ាន។

* សម្តេចតេជោ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍ ដែលតែងតែផ្តល់នូវកិច្ចសហការល្អចូលរួមគាំទ្រយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា តាមរយៈការវាយតម្លៃសារជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ កន្លងទៅនេះមានរហូតដល់៧,៥% ហើយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់១០%។ ពេលនេះកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលបានចាត់ទុក ទេសចរណ៍ គឺជាមាសបៃតង។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ចំនួន ៦,២ លាននាក់ កើនឡើង ១១,៥% មកពី ១១០ប្រទេស ជុំវិញពិភពលោក។ នៅ ឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៨ លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិអាចកើនឡើងដល់ ៧,៥ លាននាក់ និង ១៥លាននាក់ នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខណៈសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរជាទីមោទនៈ កម្រិតជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរឡើង ជាលំដាប់​ធ្វើឱ្យអត្រាកំណើនប្រជាសាស្ត្រប្រចាំឆ្នាំមានលំនឹងក្នុងរង្វង់ ១% ទៅ ១,៥% ហើយតាមការព្យាករនៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០ លាននាក់ និងឈានដល់ចំនួន ២៥ លាននាក់នៅឆ្នាំ ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ជាការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវទស្សនាទានអនាគត គឺបច្ចុប្បន្ន ដែលចាំបាច់យើងទាំងអស់គ្នាត្រូវគិតគូរក្នុងពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជាជាទីក្រុងស្អាតបៃតងមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ប្រកបដោយភាពវ័យឆ្លាត ឆ្លើយតបនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាអភិវឌ្ឍទីក្រុងឱ្យកាន់តែមានចីរភាព ស័ក្តិសមនឹងពាក្យស្លោក ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងទូរគមនាគមន៍ និងប្រៃសណីយរៀបចំដាក់ Free Wifi នៅតាមបណ្តាតំបន់ទេសចរណ៍ ដូចជាពិសេស រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ឲ្យបានមុនឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ក្រសួងទូរគមនាគមន៍ និងប្រៃសណីយឲ្យតាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ពោលមានតែ Wifi តែអត់មានអ៉ីនធើណេត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា Wifi នៅអង្គការសហប្រជាជាតិក៏ប្រើអត់បានដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធនាការទីក្រុងស្អាត៖ ផ្តល់ភាពកក់ក្តៅ ជារបៀបវារៈថ្នាក់ជាតិ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដោយអនុវត្តកម្មវិធីការងារជាអាទិភាពចំនួន៦រួមមាន៖

ទី១. ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កើតទីក្រុងប្រកបដោយភាពវ័យឆ្លាត (Smart City) ដោយការររៀបចំឱ្យមានក្របខណ្ឌគោលនយោបាយជាក់លាក់មួយស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។ ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឱ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឱ្យបានមុនឆ្នាំ ២០២៣ ។

ទី២. ត្រូវបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងតាមរយៈការធានាឱ្យបានភាពស្អាត និងបៃតង គឺកម្ពុជាស្អាតកម្ពុជាបៃតង ទម្លាប់នៃភាពស្អាត ទាំងលំនៅដ្ឋានស្អាត ភូមិស្អាតសង្កាត់ស្អាត ដែលផ្តើមចេញពីយើងទាំងអស់គ្នា។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី១ និងជ័យលាភី បង្គន់សាធារណៈកម្ពុជាលើកទី១ ដែលបានចូលរួមដល់ការលើកកម្ពស់ភាពស្អាត និងអនាម័យ។

ទី៣. ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវគិតគូរអំពីសណ្ឋាប់ធ្នាប់ ខ្ញុំសូមឱ្យក្រសួងមហាផ្ទៃ និងក្រសួងដែនដីនគររូបនីយកម្ម និងសំណងសិក្សារៀបចំច្បាប់ស្តីពីសណ្ឋាប់ធ្នាប់សាធារណៈ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ក្នុងទីក្រុង ។ ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធានាឱ្យទីក្រុងរបស់ខ្លួនមានសណ្ឋាប់ធ្នាប់ល្អមានចំណតយានយន្តត្រឹមត្រូវ មានចិញ្ចើមផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរ ។

ទី៤. ដើម្បីបង្កើនភាពទាក់ទាញ និងរស់រវើកនៅទីក្រុងយើងត្រូវចាំបាច់ធានាឱ្យបាន សន្តិសុខ និងសុវត្ថិភាពសង្គមគ្រប់ភាគីពាក់ព័ន្ធត្រូវជំរុញចលនាការពារសន្តិសុខ និងសុវត្ថិភាពនៅគ្រប់ពេល និងគ្រប់ច្រកល្អកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ត្រូវធ្វើយុទ្ធនាការទីក្រុងស្អាត៖ ទីក្រុងដែលមានសុវត្ថិភាពចំណីអាហារ និងស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តក្រមប្រតិបតិ្តភោជនីយដ្ឋានស្អាត ឱ្យបានទូលំទូលាយ និងសូមប្រកាសដាក់ឱ្យអនុវត្តស្តង់ដារ វិថីមួបអាហារ (Food Street) ដែលជាសូចនាករថ្មីមួយទៀត ក្នុងស្តង់ដាទីក្រុងស្អាត និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត៖ ទីក្រុងមានវិថីម្ហូប អាហារស្អាត ជារៀងរាល់ឆ្នាំ។

ទី៥. ដើម្បីធានាបានចីរភាពការអភិវឌ្ឍទីក្រុងត្រូវអនុវត្តនូវទស្សនាទានបៃតង ខ្ញុំសូមអបអរសាទរជ័យលាភីរង្វាន់សម្តេចតេជោសម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍លើកទី៣ គឺការចូលរួមផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនេះក្រសួងរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងគ្រប់អភិបាលរាជធានី ខេត្តត្រូវបំផុសឱ្យមានផលិតកម្មក្នុងស្រុកនានាបម្រើឱ្យវិស័យទេសចរណ៍ តាមរយៈបាវចនាវិស័យទេសចរណ៍ គឺជាការនាំចេញនឹងកន្លែង ហើយទីក្រុងទេសចរណ៍ ធំៗទាំងអស់ត្រូវតែជាទីក្រុងដែលមានខ្សែក្រវ៉ាត់បៃតង (Green Belt) ។

ទី៦៖ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមគាំទ្រ និងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតឱ្យបានសកម្ម និងទូលំទូលាយដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជាឱ្យកាន់តែរស់រវើក និងប្រកបដោយចីរភាព។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការតក់ស្លុតពាក់ព័ន្ធជំងឺឆ្កែឆ្កួត និងទៅស្វែងរកសេវាចាក់វ៉ាក់សាំងរហូតវិទ្យាស្ថានប៉ាស្ទ័រផ្តល់សេវាមិនទាន់។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកខ្លះអត់មានឆ្កែខាំផង ក៏ផ្អើលទៅចាក់ថ្នាំដែរ។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ដើម្បីកុំឲ្យកើតជំងឺឆ្កែឆ្កួតនេះ សូមកុំនាំគ្នាទៅប្រលែងលេងជាមួយឆ្កែ ឬសត្វមានពិស។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការពង្រាយថ្នាំវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនៅរាជធានី ខេត្ត ឬក៏អាចឲ្យគ្លីនិកឯកជនជួយផ្តល់សេវាវ៉ាក់សាំងនេះបន្ថែម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបានទីក្រុងស្អាត គឺត្រូវចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។ ក្នុងន័យនេះសម្តេចតេជោ បានបញ្ជាក់ថា ចង់ឲ្យសង្កាត់ ក្រុង ភូមិ ឃុំ…ស្អាត គឺត្រូវចូលរួមទាំងអស់គ្នា មិនមែនពឹងផ្អែកតែលើអ្នកបោសសំរាម និងអ្នកប្រមូលសំរាមនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះនិយាយពីរឿងទីក្រុងមិនស្អាត តែបែរជានាំគ្នាបោះចោលសំរាម។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើតចលនាជាតិពីកុមារ រហូតដល់មនុស្សធំពេញវ័យ ដើម្បីចូលរួមរក្សាបរិស្ថានស្អាត។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ជំងឺឆ្លង និងប្រឹងប្រែងរក្សាអនាម័យក្នុងការរស់នៅ ដើម្បីធានាប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ ដោយមិនខ្លាចរអាលើជំងឺឆ្លងផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយអំពើភេរវកម្ម ដើម្បីធានាដល់គោលដៅទេសចរណ៍របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់នគរបាលទេសចរណ៍ មន្ត្រីបេតិកភណ្ឌ ដែលបានប្រឹងប្រែងធ្វើការងាររក្សាសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរយ៉ាងល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរួមគ្នារក្សាឲ្យបាននូវស្ថេរភាពនយោបាយសង្គមនៅកម្ពុជា ព្រោះគ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេសមានភាពច្របូកច្របល់ចលាចលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការប្រឹងប្រែងទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅកម្ពុជាជារឿងល្អមួយហើយ តែបន្តធ្វើឲ្យអ្នកទេសចរមកលេងម្តងហើយចង់មកលេងជាថ្មីទៀត ហើយនាំមិត្តភក្តិសាច់ញាតិមកលេងទៀត ទើបជារឿងប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អនាម័យចំណីអាហារក៏ជារឿងសំខាន់ផងដែរសម្រាប់ភ្ញៀវទេសចរ។ សម្តេចតេជោបានគាំទ្រការបង្កើតឲ្យមានចលនាប្រឡងប្រណាំង «វិថីម្ហូបអាហារ»។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកចលនានេះ ជាការរួមចំណែកលើកកម្ពស់អនាម័យម្ហូបអាហារតាមដងវិថី។

* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យប្រជាពលរដ្ឋដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ដល់អ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រើប្រាស់ឲ្យអស់កសិកម្មនៅក្នុងស្រុកបម្រើដល់អ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កសិករជប៉ុនបានប្រឹងប្រែងខ្លាំងណាស់ក្នុងការដាំដុះ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យវិស័យទេសចរណ៍កំណត់ទីផ្សារនៅតាមសណ្ឋាគារនានា ដើម្បីនាំកសិផលរបស់កសិករទៅផ្គត់ផ្គង់នៅតាមសណ្ឋាគារទាំងនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ១៩៩៤ សម្តេចបានទទួលខុសត្រូវចំពោះមុខសោកនាដកម្មលើជនជាតិបារាំង អង់គ្លេស និងអូស្ត្រាលី ដែលបានជួបគ្រោះថ្នាក់ពេលធ្វើដំណើរតាមរថភ្លើងមកកម្សាន្តនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែច្រើនថែមទៀត រួមទាំងផ្លូវនៅតាមព្រំដែនផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ យកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការដាំដុះ និងចិញ្ចឹមសត្វជាដើមសម្រាប់ផ្គត់ផ្គង់ទៅកន្លែងទេសចរ ឬតាមសណ្ឋាគារជាដើម៕