(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ នឹងជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងារក្នុងរយៈពេល៦ខែកន្លងមកនេះ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានឲ្យដឹងថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅព្រឹកនេះ មានរបៀបវារៈមួយចំនួនរួមមាន៖ ១. ពាក់ព័ន្ធទៅនឹងទស្សនៈវិស័យនៃការប្រមូលធាតុចូលជាក់ស្តែងនៃការងាររបស់ឧត្ដម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅក្នុងរយ:ពេល១ឆមាសកន្លងមក, ទី២. ការផ្តល់មតិនិងសំណូមពរពាក់ព័ន្ធទៅនឹងបញ្ហា ដែលអនុវត្ត៦ ខែកន្លងមកហើយជាពិសេសទៅលើបញ្ហាជាក់ស្ដែងការវាយតម្លៃទៅលើចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន ក៏ដូចជាការរកឃើញនូវតំរុយ ភាពអសកម្មអំពើពុករលួយការរំលោភអំណាចពីសំណាក់គណៈប្រតិភូគណបក្សនីមួយៗដែលគាត់នឹងលើកឡើង, ទី៣.បញ្ហាជ្សេងៗ និងទី៤. សម្តេចតេជោ ហ៊ុន សែន បង្ហាញអំពីទស្សនវិស័យនៃប្រសិទ្ធភាពការងារតទៅមុខឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានអនុវត្ត៦ ខែកន្លងមកនិងទស្សនវិស័យនៃ ប្រសិទ្ធភាពការងារសម្រាប់រយៈពេល ៦ ខែឬមួយឆ្នាំទៅមុខទៀត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៦ខែកញ្ញាឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។
ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្ត។ លោក ឈឹម ផលវរុណ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។
លោក ឈឹម ផលវរុណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្នុងរយៈពេល៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបើកកិច្ចប្រជុំសរុបប្រមាណ ១៣លើក។ ក្នុងនោះការបើកកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រៀងរាល់មួយខែម្តងចំនួន៦លើក, ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយជាតិចំនួន ៤លើក និងកោះអញ្ជើញថ្នាក់ដឹកនាំក្រសួងមកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើកបន្ថែមទៀត។ ក្រសួងដែលកោះហៅនោះរួមមានក្រសួងផែនការ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។
បើតាមលោក ឈឹម ផលវរុណ ក្នុងរយៈពេល៦ខែនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាប្រតិភូរបស់គណបក្សនយោបាយទាំង១៦ បានធ្វើបេសកកម្មចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាជាង ១០០លើក។ លោកលើកឡើងថា ក្នុងបេសកកម្មជាង ១០០លើកនេះ បានចូលរួមដោះស្រាយលើបញ្ហាជាច្រើនជាពិសេសជម្លោះដីធ្លី ហើយបានកសាងរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទ និងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។
បើតាមលោក ឈឹម ផលវរុណ កិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកនេះ មានការអញ្ជើញចូលរួមមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ឧបនាយករដ្ឋមន្ត្រី និងមានការផ្សាយបន្តតាមវីដេអូទៅតាមខេត្ត និងទីបញ្ជាការដ្ឋានកងទ័ព។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា សម្តេចចាត់លទ្ធផលនៃកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្មើនឹងលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផងដែរ។ ក្រោយកិច្ចប្រជុំលោក ឈឹម ផលវរុណ នឹងធ្វើសន្និសីទព័ត៌មានបង្ហាញលទ្ធផលនៃកិច្ចប្រជុំនោះ បន្ទាប់មកក៏នឹងមានការរៀបចំពិសារអាហាររួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕