អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមពិពរណ៍សប្តាហ៍បារាំង


ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអមដំណើរលោកជំទាវ អេវ៉ា ងូយេន បិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ចូលរួមពិព័រណ៍សប្តាហ៍បារាំង FRENCE WEEK ដែលប្រារព្ធជាលើកទី២ នៅមហាសណ្ឋាគារអង្គរ ក្នុងទឹកដីខេត្តសៀមរាបរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ដល់ទី១០ ខែមីនា ឆ្នាំ២០១៩។

ពិព័រណ៍សប្តាហ៍បារាំង ដំណើរការទៅបានដោយមានដៃគូចូលរួមសហការមកពីក្រុមហ៊ុន ស្ថាប័ន អង្គភាពបារាំង និងបារាំង-ខ្មែរចំនួន៧២ មកតាំងបង្ហាញសេវាកម្ម ផលិតផល ចំណេះដឹង ជំនាញក្នុងវិស័យទេសចរណ៍ សិល្បៈ ការបង្ហាញម៉ូដ ការផ្តល់ប្រឹក្សាយោបល់ រួមទាំងស្រា និងអាហារដ៏ឆ្ងាញ់របស់បារាំងពេញ៤ថ្ងៃ។

លោកជំទាវ អេវ៉ា ងូយេន បិញ បានមានប្រសាសន៍ថា ពិព័រណ៍សប្តាហ៍បារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំក្នុងការប្រមូលផ្តុំដៃគូសហការណ៍មកចូលរួមកាន់តែច្រើនជាងមុន និងលើកតម្កើងនូវចំណងទាក់ទងកម្ពុជា-បារាំង ពិសេសគឺក្រុងសៀមរាបអង្គរដ៏ស្រស់ផូរផង់។

លោកជំទាវបន្តថា ក្នុងឆ្នាំនេះ ពិព័រណ៍សប្តាហ៍បារាំងមានអ្វីៗថ្មីៗច្រើនជាងមុន ក្នុងនោះមាន២ចំណុចសំខាន់ដែលត្រូវបង្ហាញគឺ ការបើកសម្ពោធជាផ្លូវការរបស់សម្ពន្ធភាពបារាំងនៅសៀមរាប និងការប្រកួតប្រជែងចំណេះធ្វើរបស់បារាំងដែលរៀបចំជាលើកដំបូងដើម្បីលើកស្ទួយតម្លៃសិប្បកម្មបែបសិល្បៈ រួមទាំងការបណ្តុះបណ្តាលជនជាតិកម្ពុជាដោយអ្នកជំនាញសិប្បកម្មបារាំងដែលស្រឡាញ់វិស័យនេះផងដែរ៕