ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស និងសហការីចូលជួបសម្តែងការគួរ សម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Walter Ruck នាយកសភាពាណិជ្ជកម្មអូទ្រីស និងជាតំណាងឲ្យក្រុមហ៊ុនជាង ១០០.០០០ ក្រុមហ៊ុន ហើយក៏ជាអនុ ប្រធានក្រុមបេសកកម្មស្ថានទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំទីក្រុងបាងកក និងសហការីចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារសំខាន់ៗទាក់ទងនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ និងការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានក្នុងវិស័យកសិកម្មមកភាគីកម្ពុជា។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណជូនចំពោះឯកឧត្តម Walter Ruck និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជាពិសេសបានអញ្ជើញមកជួបពិភាក្សាការងារ និងស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា វឌ្ឍនភាព និងឱកាសក្នុងការពិនិត្យ ពិចារណា និងសម្រេចចិត្តធ្វើការវិនិយោគលើវិស័យនេះនាពេលអនាគត។ ដោយសារប្រទេសអូទ្រីជាសមាជិកនៃសហភាពអឺរ៉ុប ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:ឯកឧត្តម Walter Ruck បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូទ្រីសដែលកន្លងមកតាមរយ:ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួយឧបត្ថមគាំទ្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យរដ្ឋាភិបាលអូទ្រីសបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍវិស័យកសិកម្ម ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូផងដែរអំពីស្ថានភាព និងការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដូចជាផលិតកម្មស្រូវ ពោត ស្វាយ ស្វាយចន្ទី ដំឡូង និងវារីវប្បកម្ម។ល។

នាឱកាសនេះ ឯកឧត្តម Walter Ruck បានកោតសរសើរចំពោះការវិវឌ្ឍន៍រីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាហើយកំពុងតែបន្តអភិវឌ្ឍតាមផែនការ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវរបស់ខ្លួនយ៉ាងសកម្ម លោកសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ យ៉ាងពិតប្រាកដ។ ឯកឧត្តមក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាដំណើរទស្សនកិច្ចលើនេះគឺចង់បង្កើនកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម ដោយផ្តោចជាសំខាន់លើផលិតផលកសិកម្ម និងជាពិសេសការរៀបចំគម្រោងគាំទ្រផ្នែកកម្ចីឥណទានសម្រាប់ទិញសម្ភារៈកសិកម្មពីប្រទេសអូទ្រីស។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បរិយាកាសក្នុងការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្មនៅកម្ពុជាគឺមានលក្ខណអំណោយផលល្អ និងមានសក្តានុពលខ្ពស់សម្រាប់ធ្វើការវិនិយោគ ដូច្នេះឯកឧត្តសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀតនាពេលអនាគត។