លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមបុណ្យពុទ្ធាភិសេក និងរាប់បាត្រដល់ព្រះសង្ឃ នៅវត្តពុទ្ធគិរី


លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យពុទ្ធាភិសេក និងរាប់បាត្រប្រគេនដល់ព្រះសង្ឃ២០០អង្គ នៅវត្តពុទ្ធគិរី ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ។

ពិធីបុណ្យមួយនេះ ត្រូវបានប្រារព្ធឡើងមានរយៈពេល៧យប់៧ថ្ងៃ ក្រោមគំនិតផ្ដួចផ្តើម ដោយព្រះភិក្ខុបញ្ញាសិរី កែវ កក្កដា ប្រធានស្ថាបនិកពុទ្ធគិរីកម្ពុជា លោកជំទាវម៉ែន ភក្តី ហុក ឡង់ឌី ព្រមទាំង ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងបុត្រាបុត្រី និងសប្បុ រសជនជាច្រើននាក់ទៀត បានចូលរួមក្នុងពិធីនោះយ៉ាងច្រើនកុះករ ។

ការរៀបចំពិធីបុណ្យពុទ្ធាភិសេកនេះ គឺជាការបញ្ជាក់នូវដំណាក់កាលព្រះប្រសូត្រនិងដំណាក់កាលព្រះវិន័យហើយក៏ស្របទៅនឹងការរីកចម្រើននិងសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកជំទាវកិត្តិសង្កហបណ្ឌិត ក៏បានឧទ្ទិសកុសល្យផលបុណ្យដែលបានមកពីពិធីបុណ្យពុទ្ធាភិសេកនេះ និងរាប់បាត្រព្រះសង្ឃ២០០អង្គ ព្រមទាំងបានបួងសួងសូមឱ្យវត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា សូមមានសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការរីចម្រើនបន្ថែមទៀត ៕