ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំឭកឱ្យមន្ត្រីមន្ទីស.ក.ដ ខេត្តកំពង់ធំទាំងអស់ ខិតខំប្រឹងប្រែងបម្រើប្រជារាស្ត្រ និងប្រកាន់ខ្ជាប់ អភិក្រមទាំង៥ និងអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


រសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រមាណ១១០នាក់។

ពិធីសំណេះសំណាលនេះធ្វើឡើងដើម្បីបង្កើនសាមគ្គីភាពរវាងមន្ត្រី និងថ្នាក់ដឹកនាំឱ្យកាន់តែរឹងមាំថែមទៀត ក្នុងនាមជាមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន សំដៅបង្កើនផលិតភាពការងារជូនជាតិមាតុភូមិ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីពីសមិទ្ធផលនានា ដែលកើតចេញពីផែនការ១០០ថ្ងៃ ដែលក្នុងនោះរួមមាន៖ ការដាក់ដំណើរការសាលាបង្រៀនបើកបររថយន្តធុនធ្ងន់ យុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវខូច និងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ជាដើម។

លើសពីនោះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គពិធីពីគម្រោងកំពុងអនុវត្ត និងគម្រោងដែលនឹងត្រូវអនុវត្ត លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់គុណភាព និងពង្រីកផ្លូវពី២គន្លង ទៅ៤គន្លង និងគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងគម្រោងសាងសង់ស្ពានមួយចំនួន ដោយហេតុថាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានក្រើនរំឭកឱ្យមន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងធ្វើការបម្រើប្រជារាស្ត្រឱ្យបានទ្វេដង ព្រមទាំងបានផ្ដាំផ្ញើឱ្យមន្ត្រីគ្រប់រូបប្រកាន់ខ្ជាប់ អភិក្រមទាំង៥ និងអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកចក្រកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ និងបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់រួបរួមសាមគ្គីសហការគ្នាថែមទៀត ក្នុងការបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរមួយកម្រិតទៀត ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្ដល់កិត្តិយសចែកគ្រឿងឥស្សរិយយសថ្នាក់ធិបតិន្ទ ថ្នាក់សេនា និងថ្នាក់អស្សរិទ្ធិ ជូនមន្ត្រីឆ្នើមនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ព្រមទាំងជ្តល់ជូនថវិកាក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ។