អភិបាលខេត្តពោធិ៍សាត់៖ មានតែការជួយគ្នា សាមគ្គីគ្នា និងដាស់តឿនគ្នា ទើបថែរក្សាឆ្នាំងបាយបានយូរអង្វែង


ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា មានតែការរួបរួមសាមគ្គីគ្នា ចេះជួយគ្នា និងជួយដាស់តឿន គ្នា ទៅវិញទៅមកទើបរក្សាឆ្នាំងបាយរបស់យើងបានយូរអង្វែង បើមានបញ្ហាអ្វីកើតឡើង ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយទៅតាមនិតិវិធីសមស្រប មិនត្រូវរួមគ្នាទៅវាយឆ្នាំងបាយ ដែល បម្រើ ផលប្រយោជន៍ដល់យើងសព្វថ្ងៃនោះទេ បើមិនដូច្ឆេះច្បាស់ជាដាច់ពោះស្លាប់ ទាំងអស់ ជាក់ជាមិនខាន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាល ជាលើកទី២ ជាមួយកម្មករ កម្មការិនី រោងចក្រកាត់ដេរ នៃក្រុមហ៊ុន លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ជិត១ពាន់នាក់ ដែលមានទីតាំងស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សា សម្តេចក្រឡាហោម អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ អាជ្ញាធរស្រុក ឃុំ និងក្មួយៗកម្មករកម្មការនីយ៉ាងច្រើនកុះករ។

លោក ពុំ ចាន់ថា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តពោធិ៍សាត់ បាន ជម្រាបជូនថា រោងចក្រកាត់ដេរនៃក្រុមហ៊ុន លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន បានបង្កើត ឡើងនៅឆ្នាំ២០១៥ មានអគារ២ខ្នង មានបងប្អូនកម្មករ កម្មការិនី និយោជិតខ្មែរ ចំនួន៨៣០ នាក់ ក្នុងនោះស្រីចំនួន៧៤១នាក់ ជនបរទេសមាន៦នាក់ និងអ្នកមានផ្ទៃពោះ២៨នាក់។ រោងចក្រនេះ វិនិយោគដោយក្រុមហ៊ុនចិន ដែលមានម្ចាស់ក្រុមហ៊ុន ឈ្មោះ ចាង ជាស័ាង ជនជាតិចិនដីគោក ផលិតសំលៀកបំពាក់ នាំចេញទៅកាន់សហគមន៍អ៊ឺរ៉ុប ប្រទេសជប៉ុន ចិន និងសហរដ្ឋអាមេរិក និងបានផ្តល់ប្រាក់ឈ្នួលជូនកម្មករ កម្មការនី ក្នុងរង្វង់១៩៦ដុល្លារ អាមេរិកក្នុងមួយខែ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថារោងចក្រទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់យើងផងដែរ មិនចេះតែកើតមានបាននោះទេ បើគ្មានសុខសន្តិភាព និងស្ថេរភាព។ យ៉ាងណារោងចក្រកាត់ដេរលានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន បើគ្មានការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគៀងគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះ បានរហូតមកដល់សព្វថ្ងៃដែរ ហើយកូនចៅប្រជាជនយើងប្រឈម ទៅនឹងគ្មានការងារធ្វើធ្លាក់ក្នុងស្ថានភាពក្រីក្រ។ ឯកឧត្តម បន្ថែមថា ខេត្តពោធិ៍សាត់ យើងមានរោងចក្រ ដែលអាចនិយាយបានថា គឺជាឆ្នាំងបាយរួម សម្រាប់យើងទាំងអស់គ្នា មានការងារធ្វើស្របច្បាប់នៅក្បែផ្ទះ ផ្តល់ភាពកក់ក្តៅរបស់ឳពុកម្តាយ មិនព្រួយកូនចៅទៅឆ្ងាយ។ បើយើងមានឆ្នាំបាយដ៏រឹមមាំនេះហើយ ក្នុងនាមរដ្ឋបាលខេត្តគឺសុំតែម្យ៉ាងសូមឱ្យ កម្មករ កម្មការិនីទាំងអស់ចូលរួមថែរក្សាឆ្នាំងបាយនេះ ឱ្យបានយូរអង្វែង និងជាប់ជាប្រចាំ កុំនាំគ្នាទៅវាយឆ្នាំងបាយ តាមការញុះញង់ពីសំណាក់ជនអគតិមួយចំនួន តែងតែបង្កភាព ហ្វឹកវរក្នុងសង្គម។

ឯកឧត្តមបានថ្លែងទៀតថា រោងចក្រដ៏ធំនេះ ដែលមានកម្មករ កម្មការនីជិត១ពាន់នាក់ តែងតែមានការខុសឆ្គង ប៉ះពាល់ពាក្យសម្តី និងទំហំការងារពីសំណាក់មេការ និង អ្នកគ្រប់គ្រង តែទោះជាយ៉ាងនេះក៏ដោយ ក្មួយៗនៅមានសង្ឃឹមព្រោះនៅមានរដ្ឋបាលខេត្ត និងមានមន្ទីរការងារជាសេនាធិការ សម្រាប់សម្របសម្រួល និងដោះស្រាយនូវរាល់ បញ្ហា ប្រឈមនានា តាមរយៈជួបផ្ទាល់ក្តី និងតាមរយៈទូរស័ព្ទក៏បាន គឺមិនឱ្យក្មួយៗរស់នៅដោយ ឯកោនោះឡើយ។ លោកក៏បានជម្រាបជូនផងដែរ ថាក្នុងរយៈពេល៦សប្តាហ៍ម្តង ដើម្បីបាន ជួបប្រាស្រ័យទាក់ទង និងសួរសុខទុក្ខ កុំឱ្យមានមន្ទិលសង្ស័យ ពោលគឺយើងត្រូវរួម សាមគ្គី ជួយគ្នា និងដាស់ទឿនគ្នា ទើបទទួលបានផលប្រយោជន៍ ទាំងអស់គ្នា ប្រកបដោយតម្លាភាព និងភាពយុត្តិធម៌ទាំងអស់គ្នា។

នៅក្នុងខណៈនោះឯកឧត្តម ម៉ៅ ធនិន ក៏បានរៀបចំឲ្យមានកម្មវិធីចាប់ឆ្នោត ទទួលយក រង្វាន់ ក្នុងនោះមានម៉ូតូហុងដាឌ្រីម២០១៩ ចំនួន១រង្វាន់, មួកសុវត្ថិភាព ចំនួន១៩រង្វាន់, បំពង់ទឹកក្តៅ ចំនួន២០រង្វាន់, បំពង់ទឹកក្តៅរក្សាកំដៅ ចំនួន២០រង្វាន់, ឆ្នាំងបាយអគ្គិសនី ចំនួន ១៥រង្វាន់ និងកង្ហាបញ្ឈរ ចំនួន១៥រង្វាន់។ ចំពោះរង្វាន់ធំម៉ូតូ បានទៅលើកម្មការនី ឈ្មោះ ហេង សុភា រស់នៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន និងចែកជូនសារុង អ្នកមាន ផ្ទៃពោះ ចំនួន២៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង៣ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម និងលោកជំទាវផងដែរ៕