រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រាប់​សមាជិកព្រឹទ្ធសភា​​អាមេរិក​​ថា​​កម្ពុជា​​មាន​​គោលនយោបាយ​​វិនិយោគ​ល្អ​ជាងគេ


រដ្ឋមន្ត្រី​កម្ពុជា​កម្ពុជា​បាន​ប្រាប់​ព្រឹ​ទ្ឋ​សមាជិកសភា​អាមេរិក​ថា​ កម្ពុជា​គឺជា​ប្រទេស​បើក​ចំហរ​ ជាមួយ​គោល​នយោបាយ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់​ ដែល​វិនិយោគិន​បរទេស​ អាច​ធ្វើ​ប្រតិបត្តិ​ការ​ធុរកិច្ច​គ្រប់​លើ​វិស័យ​ និង​អាច​កាន់កាប់​ភាគហ៊ុន​ និង​ប្រាក់ចំណេញ១០០​ ដោយ​មិនបាច់​មានដៃ​គូ​សហការ​ក្នុង​ស្រុក​។

នៅក្នុង​ជំនួប​ជាមួយ​លោក​ Doug​ Ericksen​ សមាជិកព្រឹទ្ធសភា​អាមេរិក​ និង​លោក​ Jay​ Rodne​ វីរៈ​សេនីយ៍​ឯក​មក​ពីរ​ដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ ទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ ឯកឧត្តម ប៉ាន​ សូរ​ស័ក្តិ​ បាន​បកស្រាយ​អំពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០១៥​-២០២៥​ ដែល​មាន​គោលដៅ​បង្កើន​ជំនាញ​ និង​ធ្វើ​ពិពិធ​កម្មវិស័យ​កម្មន្តសាល​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ប្រែក្លាយ​កម្ពុជា​ ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​​មធ្យម​កម្រិតខ្ពស់​ នៅ​ឆ្នាំ២០៣០​។ ឯកឧត្តម​បន្ត​ថា​ កម្ពុជា​មានការ​លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ​ធុន​ធ្ងន់​ សម្រាប់​​​ការ​​វិនិយោគ​លើ​វិស័យ​កសិកម្ម​ផង​ដែរ​។

ឯកឧត្តម​បន្ត​ដោយ​បាន​ស្នើ​ លោក​ដុក​ អេ​រិក​សិន​ និង​លោក​ ជេយ​ រូ​ដនី​ ជួយ​កៀងគរ​វិនិយោគិន​អាមេរិក​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ថែមទៀត​នៅ​កម្ពុជា​ លើ​វិស័យ​ដែល​មាន​សក្តា​នុ​ពល​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ (គ្រឿងបន្លាស់​រថយន្ត​ និង​វាយនភណ្ឌ​) ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ ថាមពល​ បរិស្ថាន​ និង​កសិកម្ម​ ដោយសារ​កម្ពុជា​ មាន​ធនធាន​ធម្មជាតិ​មិនទាន់​កែច្នៃ​ជាច្រើន​ ដែល​ធុរជន​អាមេរិក​ អាច​អភិវឌ្ឍន៍​ខ្សែ​ចង្វាក់​តម្លៃ​ ដើម្បី​ទាញ​យក​ប្រាក់ចំណេញ​ខ្ពស់​ពី​ការនាំចេញ​។

លោក​ដុក​ អេ​រិក​សិន​ និង​លោក​ ជេយ​ រូ​ដនី​ បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​ និង​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា​ នៅ​ក្រោម​ការដឹកនាំ​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ព្រមទាំង​វប្បធម៌​ និង​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ​ ដែល​បាន​ឆក់​បេះដូង​អ្នកនយោបាយ​ទាំងពីរ​ ឱ្យ​វិល​ត្រលប់​មក​កម្ពុជា​សារ​ជាថ្មី​នៅពេល​ខាងមុខ​៕