ព្រោះតែសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ! អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងក្លាយជា «ហង្សនៅអាស៊ី» នាពេលអនាគតដ៏ខ្លី


ខណៈដែលបណ្ដាប្រទេសរួមមាន៖ ចិន ក្រុងហុងកុង និងសិង្ហបុរីជាដើម ត្រូវបានគេប្រដូចថាជាស្ដេចនាគ ជាស្ដេចខ្លា ខាងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីធំមួយក៏បានរំពឹងថា កម្ពុជានឹងក្លាយជាហង្សខាងផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីនាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាមិនខាន ខណៈសន្ទុះសេដ្ឋកិច្ចសព្វនេះ កំពុងតែមានការកើនឡើងជាលំដាប់។

លោកបានថ្លែងបែបនេះ ក្នុងពិធីចុះអនុស្សណៈ ឬ MOU ជាមួយក្រុមហ៊ុនយក្សធំមួយរបស់ប្រទេសចិន និងប្រទេសថៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានបោះទុនវិនិយោគ លើវិស័យកសិកម្មរាប់ពាន់ហិកតា លើខេត្តចំនួន៤រួមមាន៖ កំពត ពោធិសាត់ មណ្ឌលគីរី និងសៀមរាប បានអះអាងថា មិនយូរនោះទេ កម្ពុជា នឹងក្លាយជាហង្សដ៏ស្រស់ស្អាតមួយ ដែលបណ្ដាប្រទេសណាមួយ ជាពិសេសគឺមហាយក្សចិន សុទ្ធតែចង់ធ្វើជាដៃគូវិនិយោគ ដោយសារតែកម្ពុជា មានសក្កានុពលធំសម្បើម ដែលក្រុមអ្នកវិនិយោគទាំងនោះត្រូវការបោះទុន។

ជាក់ស្ដែង ក្នុងពិធីចុះអនុស្សណៈរវាងក្រុមក្រុមហ៊ុនលោក ដែលបានធ្វើឡើងជាមួយក្រុមហ៊ុនធំ២មកពីចិន និងថៃនោះ ក្រុមហ៊ុនចិន Harvest Chain Company Limited ដែលមានមូលដ្ឋាននៅ ក្នុងប្រទេសចិន តំណាងដោយលោក ស៊ូ ចុងប៉ី នាយកប្រតិបត្តិ បានប្រកាសជួយជំរុញលើវិស័យកសិកម្ម របស់ក្រុមហ៊ុនហង្សម្ចាស់ដី ដោយយល់ព្រមទទួលទិញកសិផល ដែលក្រុមហ៊ុន និងពលរដ្ឋដាំដុះបាន ពិសេសគឺផ្លែធុរ៉េន យកទៅកាន់ទីផ្សារចិន ដើម្បីឲ្យកសិករទទួលបានផលចំណេញខ្ពស់។

ក្រុមហ៊ុនចិនធានាផ្ដល់ពូជ និងបច្ចេកទេសលើផ្ទៃដីរហូតដល់២ម៉ឺនហិកតា ដើម្បីធ្វើឲ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន ឲ្យដូចគ្នានឹងប្រទេសជិតខាង។ អនុស្សណៈនៅក្នុងថ្ងៃនោះ ក្រុមហ៊ុនធំមួយរបស់ថៃគឺក្រុមហ៊ុន រាច្ឆាកនណាកន សាប់ផ្លាយឯ.ក (Rachchanakorn Supply Co.,LTD) តំណាងដោយលោក រ៉ាឆាភុល ខូតកែវ ជានាយកប្រតិបត្តិ ក៏បានប្រកាសផ្គត់ផ្គង់ តម្រូវការផ្សេងៗ ជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ជួយគ្រប់គ្រងអចលនទ្រព្យរវាងថៃ និងកម្ពុជា ជួយផ្នែកបច្ចេកទេស និងសុខុមាលភាពលើផលដំណាំ និងផ្ដល់ជី ក៏ដូចជាសម្ភារៈផ្នែកកសិកម្ម គ្រប់ទម្រង់ ដើម្បីឲ្យការវិនិយោគ លើការបង្កើតចម្ការរបស់ក្រុមហ៊ុនម្ចាស់ដី ឲ្យបានដំណើរការទៅមុខផងដែរ។

លោក ហង្ស ព្រីន្សយ៉ា ជាមួយនឹងការជ្រោមជ្រែងពីមហាយក្សចិន និងក្រុមហ៊ុនជាដៃគូ នៅក្នុងប្រទេសថៃ លោកកាន់តែមានជំនឿចិត្តថា កម្ពុជា នឹងក្លាយជាហង្សផ្នែក សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី ដោយមិនលំបាកនោះទេ ស្របគ្នាដែលអ្នកវិនិយោគធំៗ មកពីបណ្ដាប្រទេសផ្សេងៗ ក៏ចុះមកបោះទុនលើវិស័យសាងសង់អាគារខ្ពស់ៗ សណ្ឋាគារបើករមណីយដ្ឋានតំបន់កម្សាន្តកំពង់ផែ ព្រលានយន្តហោះ និងខុនដូរខ្ពស់ៗ ខណៈដែលគម្រោងដីធ្លីក៏កាន់តែមានសន្ទុះ។

យ៉ាងណាមិញ លោកទទូចឲ្យបងប្អូន ដែលចង់វិនិយោគទិញដីចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក កុំមានភាពស្ទាក់ស្ទើរ ដោយសារតែក្នុងពេលនេះ ក្រុមហ៊ុនចិនដ៏ធំ និងក្រុមហ៊ុនល្បីនៅថៃ បានយល់ព្រមទទួលទិញផលដំណាំ នៅពេលបានផលរួចរាល់អស់ហើយ ក្នុងពេលដែលក្រុមការងារបច្ចេកទេស ក្នុងការមើលថែដំណាំរបស់បងប្អូន ក្រោយពេលទិញចម្ការពីគម្រោង «ឋានព្រះឥន្ទ» របស់លោកក៏មិនភ័យរឿងខ្វះអ្នកជំនាញថែទាំ ខាងផ្នែកបច្ចេកទេសរយៈពេល៤ឆ្នាំទៅ៦ឆ្នាំតាមកិច្ចសន្យា៕