ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ បានបញ្ចប់ដោយភាពជោគជ័យ


ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦– ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប អកអុំបុកនិងសំពះព្រះខែឆ្នាំ២០១៦នេះបានបញ្ចប់ទៅដោយ ភាពជោគជ័យ និងសប្បាយរីករាយ ក្រោមព្រះរាជធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាថ្ងៃទី៣នៃការបិទបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្តេចយាងទតដោយផ្ទាល់ពីសកម្មភាពការប្រណាំងទូក ង ទូកមួង របស់ក្រុមកីឡាករ កីឡាការិនីមកពីតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។
បន្ថែមពីនេះទៀតព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសព្វព្រះរាជហឬទ័យប្រទានពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការិនីទូកង ទូកចែវ ដែលទទួលបានជ័យលាភីទូកឆ្នើមលេខ១ ដែលមានល្បឿនលឿនជាងគេ រួមទំាងទូកដែលមានសោភ័ណភាពល្អស្អាតជាងគេផងដែរ។
យោងតាមរបាយការណ៍របស់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាប្រធានគណៈកម្មការបច្ចេកទេសប្រណាំងទូក បានឱ្យដឹងថា ព្រះរាជពិធីប្រណាំងទូក រយៈពេលបីថ្ងៃនេះបានបញ្ចប់ ដោយភាពជោគជ័យជាទីបំផុត ហើយបានរកឃើញទូកគូរពិសេស ដែលបានចំណាត់ថ្នាក់ជាទូកដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ២០១៦ គឺបានទៅលើទូកឈ្មោះ សារាយតេជោសែនជ័យ ពាក់ស្លាកលេខ១១៣ ជាទូកមកទីខេត្តកណ្តាល មានចំណុះ៧៧នាក់។
ឯកឧត្តមបានបន្តថា សម្រាប់ទូកដែលទទួលបានជ័យលាភីផ្នែកសោភ័ណភាព ចំណាត់ថ្នាក់ លេខ១ ផែនទូកអុំបុរសបានទៅលើទូកឈ្មោះ កងពិសីមហាសែនតេជៈ ជាទូកមកពីខេត្តកំពង់ស្ពឺ លេខ២បានទៅលើទូកឈ្មោះព្រះទីណាំងបូកគោសែនជ័យ មកពីវត្តព្រែកប្រាំង និងលេខ៣ ទូកឈ្មោះ តេជោតេជៈសែនជ័យរស្មីមេគង្គ ជាទូកមកពីរាជធានីភ្នំពេញ។

15107226_1153043208077508_517492908173528037_n

15078751_1153042914744204_913217228116515858_n

15027411_1153042884744207_7370169003730360840_n

15078688_1153043524744143_8249864817181530427_n