ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦–កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ានលើកទី២២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានឯកឧត្តម Arthur P. Tugade រដ្ឋមន្រ្តី ដឹកជញ្ជូនហ្វីលីពីន ជាប្រធានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួល និង ជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី ជាអនុប្រធានដឹកនាំកិច្ចប្រជុំ និងទទួលបានការចូលរួមពីរដ្ឋមន្ត្រីដឹកជញ្ជូន និងតំណាងមកពីរដ្ឋ ជាសមាជិកអាស៊ានទាំងអស់។
នៅក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្រ្តីបានកត់សម្គាល់អំពីរបាយការណ៍វឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការ ដឹកជញ្ជូនអាស៊ាន និងការផ្តល់នូវការណែនាំបន្ថែមទៀត ក្នុងករណីចាំបាច់ និងសំណើសុំគំនិតផ្តួចផ្តើមពាក់ ព័ន្ធវិស័យដឹកជញ្ជូន ដើម្បីដាក់ចូលក្នុងពិធីរំលឹកខួបលើកទី៥០ នៃការបង្កើតអាស៊ាន។ ទន្ទឹមនឹងនេះរដ្ឋមន្រ្តី បានឯកភាពលើអាទិភាពប្រចាំឆ្នាំ/សកម្មភាពសំខាន់ៗក្នុងវិស័យដឹកជញ្ជូនដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៧ ផែនការការងារឆ្នាំ២០១៦-២០១៧ របស់ក្រុមការងារឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន និងសូចនាករអនុវត្តន៍គន្លឹះ សម្រាប់ការត្រួតពិនិត្យ-លទ្ធផល និងការវាយតម្លៃផលប៉ះពាល់ការអនុវត្តផែនការយុទ្ធសាស្ដ្រដឹកជញ្ជូន គូឡាឡាំពួរ ឆ្នាំ២០១៦-២០២៥។
ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត ប្រព័ន្ធដឹកជញ្ជូនវៃឆ្លាត (Intelligent Transport System-ITS) រដ្ឋមន្រ្តី បានអនុម័តក្របខ័ណ្ឌការងារគោលនយោបាយ ITS អាស៊ាន ២.០ ដែលដាក់ចេញនូវគោលការណ៍ណែនាំ សម្រាប់រដ្ឋជាសមាជិកអាស៊ាន ក្នុងការកំណត់ការធ្វើផែនការ និងការសម្របសម្រួលការអនុវត្ត ITS នៅក្នុង ប្រទេសរៀងៗខ្លួន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដែលមានសក្តានុពលយ៉ាងច្រើនពី ITS។
រដ្ឋមន្រ្តីក៏បានអនុម័ត និងប្រកាសចេញផ្សាយជាផ្លូវការផងដែរនូវសៀវភៅសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន ដែលជាឧបករណ៍មួយសម្រាប់ផ្សព្វផ្សាយចំណុចគន្លឹះ នៃយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាស៊ាន សំដៅលើកកម្ពស់ការយល់ដឹងសាធារណៈលើសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងតំបន់។
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីបានអនុម័តលើក្របខ័ណ្ឌការងារនៃកិច្ចសហប្រតិបត្តិការ លើវិញ្ញាបនប័ត្របញ្ជាក់ សមត្ថភាពជំនាញសម្រាប់ការធ្វើដំណើរនៅជិតតំបន់ឆ្នេរ (Near Coastal Voyage-NVC) ដែលចេញដោយ រដ្ឋជាសមាជិកអាស៊ាន ដែលជាយន្តការដោះស្រាយលើភាពខុសគ្នានៅក្នុងដែនធុរកិច្ច និងលក្ខខណ្ឌកម្មវិធី សិក្សារវាងរដ្ឋជាសមាជិកអាស៊ាន ចំពោះវិញ្ញាបនប័ត្រសម្រាប់ NCV និងលក្ខខណ្ឌប្រតិបត្តិស្តីពីកិច្ច សហប្រតិបត្តិការអាកាសចរណ៍អាស៊ាន-អាម៉េរិក។
រដ្ឋមន្រ្តីក៏បានពិភាក្សាផងដែរ អំពីការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានជាមួយ ដៃគូសន្ទនា រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិន លើកទី១៥ អាស៊ាន-ជប៉ុន លើកទី១៤, និងអាស៊ាន-កូរ៉េ លើកទី៧។ លើសពីនេះទៀត រដ្ឋមន្រ្តីក៏បានផ្លាស់ប្តូរទស្សនៈលើការអភិវឌ្ឍថ្មីៗនូវកិច្ចសហប្រតិបត្តិការ ដឹកជញ្ជូនក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និង ជាមួយប្រទេសផ្សេងទៀតនៅក្នុងពិភពលោក៕
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២២
