រដ្ឋសភាកំណត់យកថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ ដើម្បីពិភាក្សាលើច្បាប់ថវិកាជាតិឆ្នាំ២០១៧


ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦–  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសកំណត់យកថ្ងៃ ទី២២  ខែវិច្ឆិកា ក្នុងការបើកកិច្ចប្រជុំរដ្ឋសភាពេញអង្គក្នុងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៧ ដើម្បីបើកផ្លូវឱ្យកម្ពុជាអាចយកថវិកាជាតិនេះ ទៅប្រើប្រាស់តាមផែនការគោលនយោបាយដែលបានកំណត់ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា រដ្ឋសភាជាតិសម្រេចយកច្បាប់ចំនួន២សំខាន់ដើម្បីដាក់ចូលក្នុងរបៀបវារៈប្រជុំពេញអង្គនៃរដ្ឋសភា នាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខ។
ឯកឧត្តមបន្តថា ររៀបវារៈទាំងនោះរួម ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាឆ្នាំ២០១៧ និងការទូទាត់ថវិកាឆ្នាំ២០១៥ ព្រមទាំងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀង ប៉ារីសស្តីពីការប្រែប្រួលធាតុអាកាស។ ចំណែកឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឱ្យដឹងដែរថា គណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំពេញអង្គរសប់រដ្ឋសភានាថ្ងៃទី២២ ខែវិច្ឆិកាខាងមុខនេះ ព្រោះគណបក្សសង្គ្រោះជាតិ ចាត់ទុកថាច្បាប់ទាំងនោះសំខាន់សម្រាប់ប្រទេសជាតិទាមទារឱ្យមានការពិភាក្សាឱ្យ បានផុសផុល។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ដែលរាជរដ្ឋាភិបាលបានផ្ញើរទៅរដ្ឋសភាកាលពីថ្មីៗនេះ គ្រោងនឹងចំណាយជាង៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក គឺស្មើនឹង២២,៦៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដោយមានកំណើន១៥,៦ភាគរយធៀបនឹងថវិកាឆ្នាំ២០១៦៕

509

5101

5111