ក្រសួងសេដ្ឋកិច្ច បង្វិលសងថ្លៃប័ណ្ណទោចក្រយានយន្ត ប្រភេទក១


     ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ប្រើ​ប្រាស់​រយៈពេល​ ៣ខែ​ ក្នុង​ការ​បង្វិល​សង​ថ្លៃ​ប័ណ្ណ​ បើកបរ​ទោចក្រយានយន្ត​ប្រភេទ​ក១ ​។ សេចក្តី​ជួន​ដំណឹង​ប្រកាស​បង្វិល​សង​ថ្លៃ​ប័ណ្ណ​នេះ​ គឺ​នៅ​ក្រោយ​សេចក្តី​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​សម្រេច​មិន​អោយ​មាន​ប័ណ្ណ​បើកបរ​ម៉ូតូ ​ដែល​មាន​កម្លាំង​ចាប់ពី​ ១២៥CC ​ចុះ​ក្រោម​ ។

     យោង​តាម​សេចក្តី​ជូន​ដំណឹង​ការ​បង្វិល​សង​ថ្លៃ​ប័ណ្ណ​ បើក​បរ​ទោចក្រយានយន្ត​ប្រភេទ​ក១​ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ច័ន្ទ​ក្រោយ​ទី១១ ​ខែ​មករា ​ឆ្នាំ ២០១៦​ ដល់​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​ ២០១៦​ នៅ​តាម​បណ្តា​ទី​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​-ខេត្ត​ រៀង​រាល់​ថ្ងៃ​និង​ម៉ោង​ធ្វើ​ការ ​។ សេចក្តី​ប្រកាស​ដដែល​បាន​ប្រាប់​អោយ​ម្ចាស់​ប័ណ្ណ​ទោចក្រ យានយន្ត​យក​ប័ណ្ណ​ច្បាប់​ដើម​ ដែល​មាន​សុពលភាព​ មក​ប្រគល់​ជូន​មន្ទីរសាធារណការ​វិញ ​ដើម្បី​ប្តូរ​យក​ប្រាក់​វិញ​ ដូច​មាន​ការ​កំណត់​… និង​ចំណែក​អ្នក​ដែល​បាន​កក់​ប្រាក់​ធ្វើ​ប័ណ្ណ​បើក​បរ​ ត្រូវ​យក​បង្កាន់ដៃ​ច្បាប់​ដើម​ទទួល​ប្រាក់​កក់​មក​ប្រគល់​ជូន​វិញ​ ដើម្បី​ទទួល​ថវិកា​បង្វិល​សង​វិញ​ ។