CPP ស្វាគមន៍ រាល់បក្ស មានអាសនៈនៅសភា ដែលចង់តាមដាន ការចាយវាយថវិកាជាតិ ឆ្នាំ២០១៧


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សកាន់អំណាច ស្វាគមន៍រាល់ទង្វើរបស់គណបក្សណាដែលមានអាសនៈក្នុងរដ្ឋសភា ដែលចង់តាមដានការចាយវាយ ថវិកាជាតិឆ្នាំ២០១៧ ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ចំពោះបញ្ហានេះ ជាតួនាទីភារកិច្ច អ្នកតំណាងរាស្រ្តរបស់សភា បើគណបក្សនយោបាយណា តាមដានរបៀបម៉េច គាត់លើកឡើងទៅ ឲ្យរាជរដ្ឋាភិបាលកែតម្រូវ ឬក៏ដេញដោលរដ្ឋាភិបាល ឲ្យឆ្លើយបំភ្លឺ គេមានចែងនៅក្នុង រដ្ឋធម្មនុញ្ញហើយ ។
ឯកឧត្តមបន្តថា “យើងស្វាគមន៍ ចំពោះរាល់ទង្វើណា របស់គណបក្ស ដែលមានអាសនៈ ក្នុងសភាហ្នឹងឲ្យតែស្រប ទៅតាមរដ្ឋធម្មនុញ្ញ ស្របទៅតាមបទបញ្ជាផ្ទៃក្នុង ដែលមានចែងនៅក្នុងរដ្ឋសភាហ្នឹងឯង” ៕