គ្រួសារកងទព័៥៨គ្រួសារដែលរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់រលំផ្ទះរបើកដំបូល​ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា


(ព្រះវិហារ)៖​ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជារួមមានសម្ភារ:​ និងថវិកាជាច្រើនត្រូវបានយកទៅចែកជូនគ្រួសារកងទ័ព៥៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ របើកដំបូលនៅភូមិពាក់ស្បែក ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តនិងក្រុមការងារ ព្រមទាំងអជ្ញាធរដែនដីជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរអំពីសុខទុក្ខ​ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយមិនគិតពីជាតិសាសន៍ ពណ៌សំបុរ និន្នាការណ៍នយោបាយឡើយ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិផ្សេងៗ ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីមេម៉ាយ​ និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។

ឯកឧត្តមអភិបាលខេត្ត​ ឯកឧត្តម អ៊ុន ចាន់ដា​ ក៏បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជួបនូវហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលធ្វើអោយខូចខាតផ្ទះសំបែងនិងរបស់របរប្រើប្រាស់ជាច្រើន។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ចំពោះហេតុការណ៍ខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះ ត្រូវនាំកូនចៅរកកន្លែងសុវត្ថិភាព ត្រូវបិទទូរសព្ទ័ បិទចរន្តអគ្គិសនីក្នុងផ្ទះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ។

អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះគឺគ្រួសារដែលរលំផ្ទះដល់ដីចំនួន១០គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ សារុង១ ក្រម៉ា១ ភួយ១ មុងសុវត្ថិភាព១ តង់១និងថវិកា២០មុឺនរៀល។

គ្រួសាររងគ្រោះរបើកដំបូលមធ្យម២គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រខ១យួរ ទឹកសុីអុីវ១យួរ សារុវ១ មុង១ ក្រមា១ ភួយ១ តង់១ មុងសុវត្ថិភាព១និងថវិការ៥មុឺនរៀល។ដោយឡែកអ្នករបើកដំបូលតិចតួចចំនួន៤៦គ្រួសារទៀតទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរនិងថវិការ២មុឺនរៀលផងដែរ។

សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ផ្ទះប្រជាពលរដ្ឋដែលជាគ្រួសារកងទព័ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារចំនួន៥៨គ្រួសារបានរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ធ្វើអោយរលំរាបដល់ដីចំនួន១០ខ្នង របើកដំបូលមធ្យម២ខ្នងនិងរបើកដំបូលតិចតួច៤៦ខ្នងផងដែរ ក្នុងហេតុការណ៍នេះមិនបណ្តាលអោយមនុស្សឫសត្វរងគ្រោះថ្នាក់នោះទេ៕