ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួប ប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសហការីមួយចំនួនទៀតដែលសុទ្ធតែប្រធានសមាគមកសិករប្រចាំខេត្តទាំង ៥ នៅជាប់ព្រំដែនដូចជាខេត្តអាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និងខេត្តឡុង អាន។ ជំនួបនេះមានគោលបំណងពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រួមទាំងប្រធានបទផ្សេងៗទៀត។

ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជន វៀតណាម ដែល ឯកឧត្តមឡេ ឌឹកអាញ់ អតីតប្រធានាធិបតីនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព។ តាមរយ: ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណប្រតិភូអមដំណើរនាថ្ងៃនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរបានចូលរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឲ្យមោទនភាព ពិសេសលើផលិតកម្មស្រូវ ដំណាំកសិឧស្សាហកម្ម និងការធ្វើកសិពាណិជ្ជកម្ម ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកសិពាណិជ្ជកម្មនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរដោយផ្តោតជាសំខាន់់លើលំហូរកសិផលកម្ពុជាចូលក្នុងទីផ្សារវៀតណាមដូចជាស្រូវ ដំឡូង ស្វាយ ស្វាយចន្ទី ពោត ម្រេច។ល។ សមទ្ធិផលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបានគឺដោយសារទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងល្អប្រសើរពីរដ្ឋាភិបាលវៀតណាម ជាពិសេសតាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម ហើយឯកឧត្តមរដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។ លោកបានបញ្ជាក់បន្ថែមថា ដោយសារកិច្ចសហប្រតិបត្តការ និងជាពិសេសកិច្ចអន្តរាគមន៍បានទាន់ពេលវេលាពីរដ្ឋាភិបាលវៀតណា កន្លងមកបានធ្វើឲ្យស្រូវរក្សាតម្លៃបានសមរម្យ ម៉្យាងទៀតការនាំចេញកសិផលកម្ពុជាដូចជាស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់ទីផ្សារវៀតណាមមានការកើនឡើងគួរឲ្យចាប់អារម្មណ៍។ តាមរយ:សមិទ្ធផលដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេឡើងបន្ថែមទៀត ប្រយោជន៍ដើម្បីស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសយើងទាំងពីរ។

ក្នុងឱកាសនោះ លោកស្រីប្រធានប្រតិភូ បានលើកឡើងពីចំណាប់អារម្មណ៍ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបានបន្តថាជំនួបនាពេលនេះគឺមានគោលបំណងធ្វើការផ្លាស់ប្តូរបទពិសធន៍ជាមួយក្រសួង ពិសេសអគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធដើម្បីបង្កើនការធ្វើកសិពាណិជ្ជកម្មនាពេលអនាគត ដោយសំដៅទៅលើខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរដូចជាការប្រើប្រាស់ទឹក ការដោះដូរទំនិញ ការផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសក្រោយពេលប្រមូលផល និងទេសចរណ៍។ល។ លោកជំទាវសង្ឃឹមថាតាមរយ:កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនឹងជួយជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។

នាឱកាសនេះដែរភាគីទាំងពីរក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាផងដែរជាអាទិ៍÷ ទី១. ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់សមាជិកសហគមន៍កសិកម្មរវាងប្រទេសទាំងពីរ ទី២. ការរៀបចំវេទិកាកសិករប្រទេសទាំពីរ រួមទាំងការតាំងពិពណ៌កសិផលសហគមន៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្ម នៃប្រទេសទាំងពីរ។