វគ្គបណ្តុះបណ្តាលស្តីពី ការវិភាគ និងរៀបចំផែនការឆ្លើយតបនឹងភាពងាយរងគ្រោះផ្សេងគ្នានៃការប្រែប្រួលអាកាសធាតុ


ខេត្តកែប៖ នៅព្រឹកថ្ងៃអង្គារ៍ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការវិភាគ និងរៀបចំផែនការឆ្លើយតបនឹងភាពងាយរងគ្រោះផ្សេងគ្នានៃការប្រែប្រួលអាកាសធាតុ ដែលមានការរៀបចំដោយក្រុមការងារច្ចេកទេសយេនឌ័រ សហការជាមួយUN WOMEN ប្រចាំកម្ពុជា ដែលមានការអញ្ជើញចូលរួមបើកដោយលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងលោកស្រី Sarah Knibbs ប្រធាន UN Women ប្រចាំកម្ពុជា និងមានការចូលរួមពីមន្រ្តីជាជនបង្គោលយេឌ័រមកពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ដែលមានគោលបំណងសំខាន់២ គឺទី១) បង្កើនការយល់ដឹងរួមគ្នាអំពីទិដ្ឋភាពសមភាពយេនឌ័រនៃវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការវិភាគ និង ការរៀបចំផែនការឆ្លើយតបនឹងភាពងាយ រងគ្រោះផ្សេងៗគ្នា ដោយសារផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ២) បង្កើតឱកាសឱ្យសមាជិកនៃក្រុមការងារបច្ចេកទេសបញ្រ្ចាបយេនឌ័រ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងបរិស្ថានអាចសហការ ពង្រឹងទំនាក់ទំនងការងារដែលមានស្រាប់ និងពង្រឹងសមត្ថភាពនៅក្នុងស្ថាប័ន ដើម្បីជម្រុញឱ្យមានការបញ្ចូលសមភាពយេនឌ័រ និងសិទ្ធិស្រ្តី ទៅក្នុងសកម្មភាព ការងាររបស់ក្រសួងបរិស្ថាន និងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ជាទូទៅ នៅកម្ពុជា។

នាឱកាសនេះ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងបន្ថែម ក្នុងនោះក្រុមការងារបច្ចេកទេសបញ្រ្ជាបយេនឌ័រនៃក្រសួងបរិស្ថានក៏មើលឃើញពីសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពសមាជិកក្រុមការងារបច្ចេកទេសបញ្រ្ជាបយេនឌ័រ និងមន្ត្រីជំនាញនៅតាមនាយកដ្ឋាន ដើម្បីបង្កើនការយល់ដឹងពីការវិភាគ និងការបញ្ចូលយេនឌ័រទៅក្នុងគ្រប់ដំណាក់កាលនៃរៀបចំកម្មវិធី និងគម្រោង។ ជាមួយគ្នានេះ តាមរយៈគម្រោង “EmPower” ការបង្កើនភាពអង់អាចដល់ស្រ្តី ដើម្បីធ្វើឱ្យសង្គមមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាគម្រោងថ្នាក់តំបន់រួមគ្នារវាង UN Women and UN Environment ស្តីពីយេនឌ័រ រួមទាំងវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយ UN Women នឹងគាំទ្រដល់ក្រុមការងារបច្ចេកទេសបញ្រ្ជាបយេនឌ័រនៃក្រសួងបរិស្ថានផងដែរ៕