ប្រធានអង្គការអេដស៍សរសើរកម្ពុជា


bunheng-24-11-16-2-copy
ប្រធានអង្គការអេដស៏នៃអង្កការសហប្រជាជាតិ ប្រចាំតំបន់អាស៊ី បានកោតសរសើរកម្ពុជា ថាមានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ប្រធានអង្គការ UNAIDS ប្រចាំតំបន់ លោក Steve Kraus បានសម្តែងការកោតសរសើរនោះ ក្នុងជំនួបសំដែងការគួរសម ចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅទីស្តីការក្រសួង វេលាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ។
លោក Steve Kraus បានថ្លែងថា កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងរយៈពេល ២៥ឆ្នាំ មកនេះ ដោយផ្លាស់ប្តូរនៃការឆ្លងមេរោគអេដស៍តាំងពីចំណុចខ្ពស់បំផុត ១,៨ភាគរយ នៅឆ្នាំ១៩៩៨ និងបានធ្លាក់មកនៅត្រឹមតែ ០,៦ភាគរយនាបច្ចុប្បន្ន… និងកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ពី ១០០នាក់ ក្នុង១ថ្ងៃ តាំងពីឆ្នាំ១៩៩៨ មកនៅត្រឹម ២នាក់ នាបច្ចុប្បន្ន។ លោកបានថ្លែងថា កម្ពុជាក៏មានការផ្តល់សេវាព្យាបាលដល់អ្នករស់នៅជាមួយមេរោគអេដស៍ រហូតដល់ទៅ ៧៥ភាគរយផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះអង្គការ UNAIDSដែលតែងតែជួយគាំទ្រដល់សកម្មភាព នៃការកាត់បន្ថយការឆ្លងមេរោគអេដស៍ចំពោះកម្ពុជា។
កម្ពុជាបច្ចុប្បន្ន មានអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៧ម៉ឺន៤ពាន់នាក់ក្នុងនោះ គឺមាន៥ម៉ឺន៥ពាន់នាក់ ដែលបានទទួលការ ថែទាំសុខភាព ជាប្រចាំពីគ្រូពេទ្យជំនាញ…ចំណែកប្រមាណ១ម៉ឺន៩ពាន់នាក់ទៀត គឺមិនទាន់បានចូលមកទទួល យកសេវាថែទាំនោះឡើយ។