រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា


នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយលោក Anar Imanov ឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ប្រចាំកម្ពុជា។ លោក រដ្ឋមន្រ្តីបានមានប្រសាសន៍ស្វាគមន៍ដំណើទស្សនកិច្ចរបស់លោក Anar Imanov មកកាន់កម្ពុជា ព្រមទាំងមានប្រសាសន៍រៀបរាប់សង្ខេបពីការងារសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យរ៉ែ ប្រេងកាត និងថាមពលនៅកម្ពុជា។ បន្ទាប់មក លោក Anar Imanov បានថ្លែងអំណរគុណ និងរំលឹកអំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក នៅប្រទេសអាស៊ែបៃហ្សង់ ដែលជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ លោក បានបញ្ជាក់ផងដែរថា ប្រទេសអាស៊ែបៃហ្សង់ជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យប្រេងកាត និងឧស្ម័ន ហើយផ្គត់ផ្គង់ ៥០% ទៅកាន់ពិភពលោក និងជាប្រទេសទីមួយមានសមត្ថភាពផលិតប្រេងដែនគោក ដែលមានក្រុមហ៊ុនប្រកបដោយជំនាញសមត្ថភាព និងប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យនេះ។ ហើយក្រុមហ៊ុនទាំងនោះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា។ ចំពោះបញ្ហានេះ ស្របពេលដែលជំនាញ និងបទពិសោធន៍របស់កម្ពុជាក្នុងវិស័យនេះនៅមានកម្រិត លោករដ្ឋមន្រ្តី បានសំដែងការរីករាយ ស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចដល់វិនិយោគិនអាស៊ែបៃហ្សង់ក្នុងការមកវិនិយោគនៅកម្ពុជា ដែលជួយជំរុញឲ្យវិស័យប្រេង និងឧស្ម័ននៅប្រទេសកម្ពុជាកាន់តែអភិវឌ្ឍ និងរីកចំរើននាពេលអនាគត៕

15171088_1348757645166351_5319662800342310438_n

15095114_1348757648499684_4967485911426914526_n

15095127_1348757641833018_2886008215211661146_n