ឯកឧត្តម សាយ សំអាល់ ទទួលជួបតំណាងធនាគារពិភពលោកខាងផ្នែកបរិស្ថាន ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន និងសង្គម


ក្នុងឱកាសទទួលជួបពិភាក្សា ជាមួយលោក គ្រីស្តុវ ក្រេពីន (Chistope Crepin) ប្រធានប្រតិបត្តិការបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន និងសង្គមនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើឡើងថា ការពារ និងអភិរក្សធនធានធម្មជាតិ បានចូលរួមចំណែកសំខាន់ដល់ចំណូលសេដ្ឋកិច្ចជាតិ ដែលក្នុងនោះបានមកពីវិស័យទេសចរណ៍ តាមរយៈកម្មវិធីអេកូទេសចរណ៍ ជាពិសេសនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ហើយកំពុងមានការអភិវឌ្ឍឈានទៅទីក្រុងទំនើបនៅក្នុងតំបន់មួយ។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារពិភពលោក លើការអភិវឌ្ឍដោយចីរភាពនៅក្នុងខេត្តព្រះសីហនុទាក់ទងនឹងទឹកស្អាត អគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។ នៅក្នុងឱកាសនេះលោក គ្រីស្តុវ ក្រេពីន (Chistope Crepin) បានចាប់អារម្មណ៍លើកការពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងបរិស្ថាននៅកម្ពុជា។ លោកប្រធានប្រតិបត្តិការបរិស្ថាន និងធនធានធម្មជាតិ នៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងពីការបង្កើតឱ្យមានក្រុមការងារសិក្សារួមគ្នារវាងមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងធនាគារពិភពលោក លើគម្រោងកិច្ចសហប្រតិបត្តិរួមគ្នាដើម្បីដើម្បីចូលរួមការអភិវឌ្ឍតំបន់ឆ្នេរ ជាពិសេសនៅខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា ធនាគារពិភពលោក មានកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ក៏ដូចជាបញ្ហាស្តីពីបរិស្ថាននានាលើពិភពលោក ដូចជាមូលនិធិអាកាសធាតុបៃតង និងគម្រោងភាពធន់នឹងអាកាសធាតុនៅតំបន់ដីសណ្តរទន្លេមេគង្គ ការគ្រប់គ្រងសំណល់ និងការបំពុលនៅតំបន់ទីប្រជុំជន និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ។
នៅក្នុងជំនួបនាពេលនេះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពី កិច្ចការអាទិភាពដែលកំពុងរៀបចំប្រែក្លាយខេត្តព្រះសីហនុជាខេត្តមានការអភិវឌ្ឍ គឺរួមមាន ទី១) ការពារសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់ ទី៣) ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានស្អាត និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងទី៤) ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុ ឱ្យបានល្អផងដែរ។