ស្ពានអាកាសថ្មើរជើងដំបូងបង្អស់ក្នុងទឹកដីខេត្តកំពង់ស្ពឺបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ហើយនៅថ្ងៃនេះក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺនិងលោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។
ស្ពាននេះនឹងត្រូវសាងសង់ត្រង់ចំណុចបេនឡានផ្សារកំពង់ស្ពឺដោយមានប្រវែង៣០ម៉ែត្រកម្ពស់៥,២ម៉ែត្រទទឹង៣ម៉ែត្រធ្វើពីបេតុងអាមេក្រោមជំនួយឧបត្ថម្ភពីលោកជំទាវ សៀង ចាន់ហេង អគ្គនាយកក្រុមហ៊ុនហេងអភិវឌ្ឍន៍ក្នុងតម្លៃសាងសង់ ៣៤ម៉ឺនដុល្លារអាមេរិកហើយចំណាយពេលសាងសង់ជិតមួយឆ្នាំ។
វត្តមានស្ពានអាកាសថ្មើរជើងលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺមួយនេះគឺជាផ្នែកមួយក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនោះ។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថានៅត្រឹមថ្ងៃទី២០ខែឧសភានេះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនឹងត្រូវសម្ពោធបើកការដ្ឋានហើយក្រោមជំនួយរបស់សប្បុរសជនដែលគិតជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម បានបន្តទៀតថា៖«កន្លងមកនៅតំបន់ដែលត្រូវសាងសង់ស្ពានថ្មើរជើងដែលស្ថិតទីប្រជុំជនចំណតរថយន្តនៅផ្សារកំពង់ស្ពឺនេះគឺតែងមានភាពលំបាកក្នុងការធ្វើចរាចរណ៍ដែលងាយបង្កគ្រោះថ្នាក់ជាញឹកញាប់”។
ដោយឡែកក្រោយពេលមានស្ពានអាកាសថ្មើរជើងមួយនេះវានឹងចូលរួមកាត់បន្ថយបញ្ហាដែលតែងកើតមានបានមួយកម្រិត។ស្ពានមួយនេះមានកម្ពស់៥,២ម៉ែត្រ,ទំហំទទឹង៣ម៉ែត្រនិងមានប្រវែង៣០ម៉ែត្រដែលត្រូវចំណាយពេលសាងសង់រយៈពេលកន្លះឆ្នាំទើបរួចរាល់ជាស្ថាពរ»។
ឯកឧត្តម ក៏បានបង្ហើបផងដែរថាសម្រាប់ថ្ងៃខាងមុខនេះរដ្ឋបាលខេត្តនឹងមានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២បន្ថែមទៀតដែលមានទីតាំងស្ថិតនៅមុខវិទ្យាល័យកំពង់ស្ពឺហើយទីតាំងមួយកន្លែងទៀតស្ថិតនៅមុខបណ្តុំរោងចក្រ៕