CPP ៖ ជីវិតនយោបាយ សម រង្ស៊ី ត្រូវបញ្ចប់ ហើយក៏មិនសង្ឃឹមថា ជាប់ឆ្នោតដែរ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ី ចោទគណបក្សប្រជាជនកម្ពុជាថា មានចៅហ្វាយនាយបរទេស នោះ គឺហួសសម័យកាល ព្រោះឥឡូវលោកចប់អស់ហើយ ចំពោះជីវិតនយោបាយរបស់គាត់ ហើយក៏មិនសង្ឃឹមនឹងជាប់ឆ្នោតដែរ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា លោក សម រង្ស៊ី ឆ្លៀតពេលយកបញ្ហាចុះឈ្មោះបោះឆ្នោត មកធ្វើនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យបក្សគាត់ជាប់ឆ្នោតធ្វើជាអ្នកដឹកនាំប្រទេសតែប៉ុណ្ណោះ។
ឯកឧត្តម បានសង្កត់ថា “ខ្លួនឯងថាឲ្យខ្លួនឯងម៉េច បើទី១-អត់សិទ្ធិចុះឈ្មោះបោះឆ្នោត ទៅឈរឈ្មោះឲ្យគេបោះឆ្នោត ទៅបោះឆ្នោតខ្លួនឯងក៏អត់មានដែរ ។ អារឿងអីណា រណបបរទេស ឬមួយមានចៅហ្វាយនាយបរទេសហ្នឹង វាហួសសម័យហើយ ហើយចុះគាត់យ៉ាងម៉េចដែរ ចោទគេថាមានចៅហ្វាយនាយបរទេស គាត់យ៉ាងម៉េចដែរ។ អាហ្នឹងវាចឹង ឥឡូវគាត់អស់ហើយ ជីវិតនយោបាយគាត់វាចប់ហើយ ចឹងមិនសង្ឃឹមថា វាជាប់ឆ្នោតទេ” ។
អ្នកនាំពាក្យ CPP បានផ្ដាំទៅប្រធានគណបក្សសង្គ្រោះជាតិថា កុំយកវប្បធម៌លាបពណ៌ មកប្រើបន្តទៀត ព្រោះឯកឧត្ដម សម រង្ស៊ីធ្លាប់បាននិយាយថា កុំឲ្យមានវប្បធម៌លាបពណ៌។