អូស្ត្រាលីនៅតែបង្ហាញពីឆន្ទះបន្តគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបន្តទៅទៀត ដើម្បីជួយជំរុញឲ្យសាលាក្តីមួយនេះ ដំណើរការទៅមុខ ក្នុងការសម្រេចបានលទ្ធផលយ៉ាងជោគជ័យ។ លោកជំទាវ Alison Burrows ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលត្រូវចប់អាណត្តិតការទូតពីកម្ពុជា ក្នុងឱកាសចូលជួបជំរាបលាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លោកជំទាវបានបង្ហាញពីន្ទៈក្នុងការចូលរួម បន្តគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាកាកម្ពុជាជា បន្តទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួម វិភាគទាន ដល់សាលាក្តីក្នុងពេលកន្លងមក ជាពិសេសពេលនេះ បានសន្យាជួយគាំទ្រតទៅទៀត។ ពាក់ពន្ធ័និងសាលាក្តីខ្មែរក្រហមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា សព្វថ្ងៃតុលាការនេះ កំពុងដំណើរការទៅមុខយ៉ាងល្អ គឺសហចៅក្រមទាំងពីរបានធ្វើការងារនេះជាមួយគ្នាជាប្រក្រតី ក្នុងការបន្តនូវនីតិវិធីរបស់តុលាការពុំមានឧបសគ្កអ្វីឡើយ បើទោះបីមានបញ្ហាប្រឈមខ្លះៗ ពាក់ពន្ធ័ទៅនឹងជនសង្ស័យដែលកាន់តែមានវ័យចាស់ទៅៗ ហើយនោះ ប៉ុន្តែយើងក៍បាន ខិតខំជំរុញការងារនេះបានយ៉ាងសកម្ម។
សូមបញ្ជាក់ថា ក្នុងពេលកន្លងមក កម្ពុជាបានចូលរួមវិភាគទានយ៉ាងច្រើនដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ គឺជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ អាមេរិកលេខ៣ និងអូស្ត្រាលីលេខ៤ដែលបានរួមចំណែកផ្តល់វិភាគទានដល់ដំណើរការរបស់តុលាការកូនកាត់មួយនេះ។
លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីក៍បានបង្ហាញពីបំណងក្នុងការបង្កើននូវទំនាក់ទំនងវិស័យទេសចរណ៍ និងបេតិកភណ្ឌរវាងអូស្ត្រាលី និងកម្ពុជា ឲ្យបានកាន់តែល្អថែមទៀត ដើម្បីជួយធ្វើឲ្យវិស័យនេះកាន់តែមានការរីកចំរើនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្នុងពេលកន្លងមកអូស្ត្រាលីបានជួយលើវិស័យវប្បធម៌ គឺជួយលើចំណាត់ការផ្នែកបេតិកភណ្ឌនៅតំបន់ប្រាសាទអង្គរ ដោយបានចាត់ចែងលើរបៀបរៀបរយ សណ្តាប់ធ្នាប់ ក្នុងការជួយសម្រួលអ្នកទេសចរណ៍ឲ្យមានលំហូរបានល្អបញ្ជៀសកុំឲ្យមានការកកស្ទះ ចរាចរដើម្បីកុំឲ្យបង្ករការប៉ះពាល់ដល់ ភ្ញៀវដែលអញ្ជើញមកទស្សនាអង្គរវត្ត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលបានជំរុញលើការបង្កើនទំនាក់ទំនង សហប្រតិបត្តិការដ៍ល្អលើផ្នែកទេសចរណ៍ ផ្នែកបេតិកភណ្ឌ ជាមួយកម្ពុជា ហើយជាងនេះអូស្ត្រាលីក៍បានទទួលយកនិស្សិតកម្ពុជាក្នុងមួយឆ្នាំៗ ចំនួន៥០នាក់ផងដែរ ឲ្យទៅសិក្សានៅប្រទេសអូស្ត្រាលី។
ក្រៅពីពិភាក្សាលើបញ្ហាខាងលើនេះភាគីទាំងពីរក៍បានពិភាក្សាគ្នាដោយផ្តោតលើកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច សំដៅជំរុញទំហំពាណិជ្ចកម្មរវាងប្រទេសទាំងពីឲ្យមានការរីក ធំធាត់ឡើងថែមទៀត៕
អូស្ត្រាលីនឹងបន្តពិនិត្យក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតទៅទៀត
