ក្រុមហ៊ុន​កូរ៉េ​​ ​៨៣០ក្រុមហ៊ុន​ ​មក​ស្វែងយល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​


​ក្រុមហ៊ុន​ដែល​ធ្វើការ​ពាក់​ព័ន្​ឋ​នឹង​ការសាងសង់​ ​របស់​ប្រទេស​កូរ៉េ​ចំនួន​ ​៨៣០ក្រុមហ៊ុន​ ​បាន​មក​ធ្វើការ​សិក្សា​ស្វែងយល់​លម្អិត​ ​ពី​ឱកាស​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ​ខណៈ​ដែល​ពេល​បច្ចុប្បន្ន​នេះ​ ​វិស័យ​អចលនទ្រព្យ​កំពុងតែ​មានសន្ទុះ​លើ​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​។​ ​

​តាមរយៈ​សមាគម​អ្នកម៉ៅការ​សាងសង់​អន្តរជាតិ​ ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​(​ICAK​)​ ​ដែល​ដឹកនាំ​ដោយ​លោក Kang​ ​Se​ ​Ki​ ​ជា​អនុប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​មួយ​នេះ​ ​បាន​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​អ្នកតំណាង​សមាគម​អ្នកសាង​សង់​កម្ពុជា​។​ ​

​នៅក្នុង​ឱកាស​ស្វែងយល់​បន្ថែម​ពី​ការ​ទទួល​បាន​ឱកាស​វិនិយោគ​ ​និង​សហការ​ជា​ដៃ​គួ​នៅ​កម្ពុជា​ ​លោក​ ​Kang​ ​Se​ ​Ki​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​ជាច្រើន​ជាង៨០០​ ​ដែល​ស្ថិតនៅ​ក្នុង​សមាគម​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ​ ​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការ​ចាប់ដៃ​ជាគូ​វិនិយោគ​នៅ​កម្ពុជា​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​តាមរយៈ​សមាគម​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ​នេះ​ ​ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ក​ទាំង​តូច​ ​ទាំង​ធំ​បាន​ចេញ​ធ្វើការ​វិនិយោគ​ក្រៅប្រទេស​រហូតដល់​ចំនួន១៥៣​ ​ប្រទេស​នៅ​លើ​សាកលលោក​ ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​វិស័យ​សាងសង់​ក្រៅប្រទេស​របស់​កូរ៉េ​ខាងត្បូង​ ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​របស់​សហរដ្ឋអាមេរិក​ ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត​ ​និង​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ទី៦ទូទាំង​សាកលលោក​”​។​

​ ​​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ ​លោក​ង៉ែត​ ​ជូ​ ​បាន​បង្ហាញ​នូវ​ក្ដី​សាទរ​ ​និង​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​បណ្តា​ក្រុមហ៊ុន​ ​សាងសង់​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​“​វា​ជា​រឿង​ល្អ​នៅពេល​មាន​រូបភាព​បែបនេះ​ ​ព្រោះ​ការ​ធ្វើទស្សនកិច្ច​សិក្សា​អំពី​ឱកាស​វិនិយោគ​ជា​ដៃគូ​ ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​។​ ​

លោក​បាន​បន្ត​ទៀត​ថា​ ​“​បច្ចុប្បន្ន​វិស័យ​សាងសង់​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ភាគច្រើន​គឺជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ ​ប៉ុន្តែ​បើ​មាន​ក្រុមហ៊ុន​មក​ពី​កូរ៉េ​ខាងត្បូង​ ​បន្ថែម​ទៀត​វា​កាន់តែ​ប្រសើរ​ ​និង​ជ​ម្រុ​ញ​ឱ្យ​វិស័យ​មួយ​នេះ​រីកចម្រើន​ខ្លាំង​។​

​​លោក​បាន​បន្ត​ទៀត​ថា​ ​“​ប្រទេស​កូរ៉េ​មាន​បច្ចេកវិទ្យា​ខ្ពស់​ ​នៅពេល​ដែលគេ​ចូល​មកកាន់​កម្ពុជា​ ​ក្រៅពី​អាច​ទទួល​បាន​ប្រយោជន៍​ ​និង​ចំណូល​បន្ថែម​លើ​សេដ្ឋកិច្ច​កម្ពុជា​ ​យើង​ក៏អាច​ទទួល​បាន​ចំណេះដឹង​បន្ថែម​ថ្មី​ៗ​ពី​វិស័យ​មួយ​នេះ​”​។​ ​លោ​ក​បន្ត​ង​ថា​ ​“​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​ក្នុង​ការ​ចាប់ដៃ​ធ្វើជំនួញ​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ធ្វើជា​ដៃគូ​វិញ​”​៕​