សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញសមាជិកសភា ខិតខំពិនិត្យ សិក្សាឱ្យបានល្អិតល្អន់ និងស៊ីជម្រៅ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឱ្យស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភា និងព្រឹទ្ធសភា ខិតខំប្រឹងប្រែងរួមគ្នា ពិនិត្យសិក្សា និងវិភាគសេចក្តីព្រាងច្បាប់នេះឱ្យបានល្អិតល្អន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រាកដថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានផលប្រយោជន៍ជាអតិបរមាដល់សង្គម និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួម ទទួលបាននូវចំណេះដឹង បទពិសោធន៍ពីការរុករក ការទាញយកផល និងការធ្វើអាជីវកម្មប្រេងកាត ដោយឯករាជ្យក្នុងកម្រិតណាមួយនាពេលអនាគត។

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពីការ ស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលរៀបចំឡើងដោយគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយ ក្រសួងរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០១៩។

សម្តេចប្រធាន បានលើកឡើងថារហូតមកទល់ពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោកដែលមានធនធានប្រេងកាត ទទួលបានពរជ័យពីការទាញយកផលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយក៏មានប្រទេសមួយចំនួនក៏ត្រូវរងបណ្តាសារពីការវិនិយោគលើវិស័យនេះផងដែរ។ ដូច្នេះនេះជាបទពិសោធន៌ដ៏សំខាន់ដែលកម្ពុជា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានាដែលអាចនឹងកើតមានឡើងដោយចៃដន្យពីការវិនិយោគលើវិស័យនេះ និងត្រូវចាំថា ធនធានរ៉ែ ជាធនធានមួយដែលងាយនឹងរីងស្ងួត ហើយងាយនឹងទទួលរងនូវផលប៉ះពាល់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់នេះ ពិតមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នូវឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់អនុសាសន៍ដល់អគ្គលេខាធិការដ្ឋានសភាទាំងពីរ ចូលរួម សិក្សា ពិនិត្យ និងផ្តល់យោបល់ ព័ត៌មានលម្អិតបែបវិភាគ និងគ្រប់ជ្រុង
ជ្រោយ ជូនសមាជិក សមាជិកាសភាទាំងពីរ ដើម្បីជាមូលដ្ឋានគ្រឹះច្បាស់លាស់ ត្រឹមត្រូវ ក្នុងការវិភាគ វាយតម្លៃ នឹងឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់នេះ ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិនានា ដែលបានខិតខំនិងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ជាពិសេសការសម្រេចបាននូវសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនមានជំនឿមុតមាំថា សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលលិតផលប្រេងកាត» នាពេលខាងមុខនេះឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕