វិស័យអចលនទ្រព្យបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អប្រសើរ ជាពិសេសនៅត្រឹមរយៈពេលជាង១០ឆ្នាំចុងក្រោយនេះតែម្ដង ។ តើមានចំណុចអ្វីខ្លះដែលជួយគាំទ្រ និងជម្រុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជានៅតែរក្សាបានភាពរឹងម៉ាំ។
អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាប្រធាសសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ មិថុនាកន្លងមកថា នៅក្នុងឆ្នាំនេះ សកម្មភាព ទិញ-លក់ អចលនទ្រព្យ នៅតែមានភាពរ៉ឹងមាំ ហើយវិស័យនេះនៅតែមានភាពល្អប្រសើរ និងរីកចម្រើនបន្តទៀត។
លោកបានបន្តថា “អ្វីដែលនៅពីក្រោយភាពរីកចម្រើននេះ ដោយសារបណ្តាលមកពីកត្តាមួយចំនួន៥ ដែលទ្រទ្រង់កំនើននៃវិស័យនេះ”។
កត្តាសំខាន់ៗទាំងនោះមានដូចជា ទី១ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឍន៍ចាប់យកឳកាសធ្វើការវិនិយោគ និងអាចរកបានប្រាក់ចំណេញច្រើន ទី២ ប្រទេសនេះ មានប្រាក់ចំណេញខ្ពស់ពីការវិនិយោគច្រើនជាងប្រទេស ដែលមានការអភិវឌ្ឍន៍ ទី៣ កំណើនសេដ្ឋកិច្ច និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជាចលករជួយជម្រុញវិស័យនេះកាន់តែមានភាពរ៉ឹងមាំ ទី៤ ការគាំទ្រពីវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ និងទី៥ ការវិនិយោគបន្ថែមពីអ្នកវិនិយោគបរទេសលើគម្រោងនានា ដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ពួកគេ (Investment Fund)។
នាយិការប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា ធ្លាប់បានលើកឡើងថា នៅក្នុងឆ្នាំនេះយើងសង្កេតឃើញ មានគំរោងវិនិយោគថ្មីៗពីអ្នកវិនិយោគក្នុងស្រុក និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើង។ អ្នកនាងបានបន្តទៀតថា ជាក់ស្តែងនៅត្រឹមដំណាច់ឆ្នាំ២០១៩នេះ មានគម្រោងសំណង់អាគារពាណិជ្ជកម្មមួយចំនួន ក៏ដូចជាផ្សារទំនើបផងដែរ នឹងបញ្ចប់គម្រោងរបស់ខ្លួន ដែលជាកក្តាមួយជម្រុញឱ្យវិស័យនេះមានការកើនឡើងជាលំដាប់។
នៅត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានអ្នកវិនិយោគអន្តរជាតិចូលមកសិក្សា និងរកឱកាសវិនិយោគកាន់តែច្រើនពីបណ្តាក្រុមហ៊ុនបរទេស ដែលក្នុងនោះមានដូចជាក្រុមហ៊ុនមកពីប្រទេសចិន និងកូរ៉េជាដើម ដែលគេរំពឹងថា នឹងមានវត្តមានក្រុមហ៊ុនបរទេសថ្មីៗ ចូលមកបន្ថែមទៀតនៅកម្ពុជា និងកាន់តែជួយជម្រុញឱ្យវិស័យមួយនេះមានការអភិវឌ្ឍកាន់ខ្លាំងក្លា៕