ក្រុមហ៊ុន Hauwei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតរបស់ប្រទេសចិនមានបំណងសហការជាមួយក្រុមហ៊ុន China Communications Construction Co.Ltd គ្រោងនឹងការដំឡើងខ្សែកាបអុបទិកក្រោមដី ស្ថិតនៅចន្លោះខេត្តកោះកុង និងខេត្តព្រះសីហនុ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការរបស់ក្រុមហ៊ុន Huawei និងការគាំទ្រដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ របស់ក្រុមហ៊ុន។
លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានជម្រាបជូនលោកទេសរដ្ឋមន្រ្តី អំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់កម្ពុជា (ដោយសហការជាមួយក្រុមហ៊ុន China Communications Construction Co.) ដែលពាក់ព័ន្ធ នឹងការដំឡើងខ្សែកាបអុបទិកក្រោមដី ស្ថិតនៅចន្លោះខេត្តកោះកុង និងខេត្តព្រះសីហនុ។
លោកបន្តថា “នៅពេលបានដំឡើងរួចរាល់ បណ្តាញខ្សែកាបអុបទិកក្រោមដីទាំងនេះ នឹងអាចឱ្យកម្ពុជាតភ្ជាប់បណ្តាញប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿទុកចិត្តបាន”។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានណែនាំលោក Wong ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាព សហការជាមួយក្រសួង តាមរយៈ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងជំនាញឯកទេសរបស់ខ្លួន៕