ជំនួបសម្តែងការគួរសមពីសំណាក់លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា


ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសមពីសំណាក់លោក Mark Wong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា។ លោក Wong គឺជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Huawei នៅកម្ពុជាជំនួសលោកDavid Li ដែល បានបញ្ចប់អាណត្តិរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះមានគោលបំណងពិភាក្សាអំពីកិច្ចសហការរបស់ក្រុមហ៊ុនHuawei និងការគាំទ្រដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យារបស់ក្រសួង ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ របស់ក្រុមហ៊ុន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជេីញ​ ក៏ដូចជាណែនាំលោក Wong ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាព​ សហការជាមួយ​ក្រសួង​ តាមរយៈ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង​​​ ដោយប្រេីប្រាស់បច្ចេកវិទ្យាក្នុងជំនាញឯកទេសរបស់ខ្លួន។

លោក​ Wong ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់កម្ពុជា (ដោយសហការជាមួយក្រុមហ៊ុន China Communications Construction Co.) ដែលពាក់ព័ន្ធ នឹងការដំឡើងខ្សែកាបអុបទិក​ក្រោមសមុទ្រស្ថិតនៅចន្លោះហុងកុង និងខេត្តព្រះសីហនុ។ នៅពេលបានដំឡើងរួចរាល់ បណ្តាញខ្សែកាបអុបទិកក្រោមដីទាំងនេះ នឹងអាចឱ្យកម្ពុជាតភ្ជាប់បណ្តាញប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងភាពជឿទុកចិត្តបាន។