ឃ្លាំងស្តុកស្រូវ-អង្ករ១២កន្លែង និងឡសម្ងួតចំនួន១០កន្លែង នឹងត្រូវសាងសង់នៅខេត្តចំនួន១១ ក្រោមឥណទានរបស់ចិន


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្ម ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co., Ltd ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ដើម្បីជួយដល់កសិករធុរជន និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឲ្យបានយ៉ាងតិច១លានតោន ក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក និងឡសម្ងួតនៅតាមទីតាំងយុទ្ធសាស្ត្រ និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវ-អង្ករស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន។

គម្រោងនេះ គឺដើម្បីទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិត អាចឆ្លៀតឱកាសបង្ខូចថ្លៃស្រូវ ក៏ដូចជាដើម្បីជួយឲ្យកសិករទុកស្រូវបានយូរ អាចលក់ស្រូវបានតាមថ្លៃសមរម្យ និងមានលទ្ធភាពទទួលបានឥណទាន ពេលត្រូវការចាំបាច់ តាមរយៈការយកស្រូវស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ។ គម្រោងនេះ មិនមានសេវាកិនស្រូវទេ ដើម្បីការពារកុំឲ្យមានការប្រកួតប្រជែងជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ។

បន្ទាប់ពីគម្រោងនេះដាក់ឲ្យប្រតិបត្តិការ, កសិករនិងរោងម៉ាស៊ីនកិនស្រូវ នឹងមានឡសម្ងួត ឃ្លាំងស្តុក និងទុនបង្វិលបន្ថែម ព្រមទាំងជួយបន្ថយចំណាយ (ថ្លៃដើម) ចាប់ពីដំណាក់កាលប្រមូលផលដល់ដំណាក់កាលលក់អង្ករ ។

រយៈកិច្ចសន្យាពាណិជ្ជកម្មនេះ, ក្រុមហ៊ុន CITIC Construction Co., Ltd និងក្រុហ៊ុនហ្គ្រីនត្រេដ នឹងធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន១២កន្លែង (សមត្ថភាពស្តុកសរុប ៨២៧,០០០តោន) និងឡសម្ងួតចំនួន១០កន្លែង (សមត្ថភាពសម្ងួតស្រូវបាន ១៣ ០០០ តោនក្នុងមួយថ្ងៃ) នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្ត ព្រះសីហនុ ។

ជាមួយនឹងការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា។

ពិធីចុះហត្ថលេខានាពេលនេះ គឺគូសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕