សភាកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំង នៅចុងខែមករា ឆ្នាំ២០១៦នេះ


សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍ នៃសភានិយាយភាសាបារំាង នាចុងខែមករា ឆ្នាំ២០១៦នេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។
នៅមុនកិច្ចប្រជុំមកដល់ នាព្រឹកថ្ងៃទី១២ ខែមករានេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា APF បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំនេះ។
កិច្ចប្រជុំត្រួតពិនិត្យការងារនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសកិច្ចប្រជុំ បានស្តាប់របាយការណ៍ការងារ របស់លេខាធិការដ្ឋានសភាជាតិកម្ពុជាAPF។ យោងតាម របាយការណ៍ បានបញ្ជាក់ថា ការងារជាច្រើនបានសម្រេចលទ្ធផល និងបានត្រៀមលក្ខណៈ ជាស្រេច​ ក្នុងការបំពេញភារកិច្ច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសាបារាំងនោះ។ ក្នុងនោះមានក្រុមការងារឯកសារ ការធ្វើបដិសណ្ឋារកិច្ច ក្រុមការងារព័ត៌មាន ការដឹកជញ្ជូនជាដើម សុទ្ធតែបានត្រៀមលក្ខណៈជាស្រេច ដោយរង់ចំាពេលវេលានៃកិច្ចប្រជុំមកដល់ប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភានិយាយភាសាបារាំងនេះ គ្រោងរៀបចំធ្វើ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ Angkor Palace Resort and Spa នាខេត្តសៀមរាប។ គណៈប្រតិភូបណ្តាប្រទេស ជាសមាជិក សភានិយាយភាសាបារាំង ជាច្រើនគ្រោងនឹងចូលរួមកិច្ចប្រជុំនេះ។
ជាការកត់សម្គាល់ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសាបារាំង នាពេលនេះ បានប្រព្រឹត្តទៅក្រោយពេលដែលសភាប្រទេសកម្ពុជា ទទួលរៀបចំមហាសន្និបាតលើកទី៨ សភាតំបន់អាស៊ី (APA) កាលពីដើមខែធ្នូ ឆ្នាំ២០១៥ ទទួលបានជោគជ័យ ដោយមានគណៈប្រតិភូជាន់ខ្ពស់ នៃសភាបណ្តាប្រទេសសមាជិក(APA) ២២ប្រទេសបានចូលរួម។ ការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ជាលក្ខណៈអន្តរជាតិបន្តបន្ទាប់បែបនេះ បានបង្ហាញពីជោគជ័យ និងការដើរតួនាទីយ៉ាងសំខាន់​របស់សភាកម្ពុជា ក្នុងកិច្ចការអន្តរជាតិ។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភានិយាយភាសាបារាំង នាព្រឹកថ្ងៃទី១២ មករានេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានផ្តាំផ្ញើដល់មន្រ្តី និងភាគីពាក់ព័ន្ធ ទំាងអស់ត្រូវខិតខំបំពេញភារកិច្ច តាមតួនាទី ដើម្បីឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យ ជាបន្តទៀត៕
Pen Panha 13-1-2016 1 (1)     Pen Panha 13-1-2016 1 (2)
Pen Panha 13-1-2016 1 (3)