គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨-មិថុនា-១៩៥១-២៨-មិថុនា-២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សខេត្ត ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ គណបក្សប្រជាជនខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ (២៨ មិថុនា  ១៩៥១-២៨  មិថុនា ២០១៩ ) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិប​តីភាពឯកឧត្តម កើត សុធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សាគណបក្សប្រជាជនកម្ពុជាខេត្ត​  និងឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ ចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមា​ជិក សមាជិការគណៈកម្មាធិការ គណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារ ចុះជួយ ឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ/សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជាទូទាំង​ខេត្ត សរុប ៥៥៤នាក់ ។

ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ក៏បានអាននូវសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីមិទ្ទិញខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា ដែលដើមឡើយជាគណបក្សប្រជាជនបដិវត្តខ្មែរបង្កើតឡើង ដើមី្បផល ប្រយោជន៍ របស់ប្រជាជន ហើយមកដល់ថ្ងៃនេះ មានអាយុកាល ៦៨ឆ្នាំហើយ ដែលជាគណបក្សចាស់ទុំខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជា​មួយប្រជាជនកម្ពុជា រំដោះជាតិឲ្យរួចផុតពីពួកអាណានិគម ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យប្រល័យពូជសាសន៍ នាថ្ងៃ៧ មករា ១៩៧៩ បានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។ រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជំនះ ៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។ ដើមី្បថែរក្សាការពាររាល់សមទ្ធិផល នៃសង្គមជាតិឲ្យបានគង់វង្ស និងដណ្តើមជោគជ័យធំៗ ក្នុងការកសាង អភិវឌ្ឍមាតុភូមិ និង​​លើកស្ទួយជីវភាពរបស់ប្រជាជន។ គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព ដែលជាសរសរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍបម្រើប្រទេសជាតិ ក្នុងការឆ្លើយតបទៅឆន្ទះម្ចាស់ឆ្នោត។ ក្នុងសន្ទរកថាបានបញ្ជាក់ផងដែរថា៖ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់កាល​ទី៤ ឲ្យមានប្រសិទ្ធភាព ដើមី្បសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងសារលិខិតក៏បានលើកពីប្រវត្តិនៃសកម្ម​ភាពនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកដោយភាពក្លាហាន ឥតរាថយ នៅគ្រប់ដំណាក់កាលធំៗ នៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោ​បាយ ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើមី្បផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម បំផុតរបស់ជាតិ។ដូច្នេះឆ្លងកាត់រយៈពេល៤ទសវត្ស នៃដំណើរការតស៊ូសង្រ្គោះអាយុជីវិតប្រទេសជាតិ ការស្តារកសាង និងការពារ មាតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិចាប់ពីជ័យជម្នះ៧មករាមក កម្ពុជាដកស្រង់បាននូវមេរៀន ដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់ អនាគតប្រទេសជាតិកម្ពុជា។ ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។

ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន  ក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាងសមាជិកគណបក្ស ឲ្យកាន់តែរឹងមាំលើគ្រប់វិស័យសំដៅលើកកម្ពស់ សមត្ថ​​​​ភាព​ដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ ព្រមទាំងសូមជនរួមជាតិទាំង​មូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាលក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជាប់នូវឧត្តម គតិស្នេហាជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាម​គ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើគោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។

សូមបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។