ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកិត្តិយស និងសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង ខេត្តកោះកុង (ខ្ញុំ❤️កាកបាទក្រហមកម្ពុជា)


ថ្ងៃសៅរ៍ ១៣រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង ៖ នៅសាលាស្រុកថ្មបាំង វេលា ម៉ោង៨.៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៣រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ មានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា ក្នុងស្រុកថ្មបាំង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្ត ០២អង្គ ជា ព្រះអនុគណស្រុក លោក ពេជ្រ ឆលួយ ប្រធានកិត្តិយសអនុសាខា លោក អន សុធារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា ស្រុក លោក លោកស្រី មន្ត្រីសាលាស្រុក អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសសយក សិស្សានុសិស្ស ព្រមទាំងសប្បុរសជន នៃស្រុកថ្មបាំង ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។

លោក អន សុធារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឡើងអាន របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររអនុសាខាស្រុក បានអនុវត្ត កន្លងមកជូនអង្គពិធីបានជ្រាបជារបាយការណ៍។

តមក លោក ឈួន យ៉ាដា នាយកសាខា បានអានសេចក្តីសម្រេច ប្រកាសតែងតាំង ទទួលស្គាល់សមាសភាពគណៈកម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង យោងតាម ព្រះរាជក្រិត្សលេខ នស/រកត/០៥០២/១១៣ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១៩ ប្រធាន ហត្ថលេខា និងត្រា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បន្ទាប់ពីទទួលបានសេចក្តីសម្រេចតែងតាំងរួចហើយ លោក មាស គង់ តំណាងសមាជិកគណៈកម្មាធិការអនុសាខា មានប្រសាសន៍ថា លោកនឹងប្តេជ្ញាចិត្ត ព្រមទាំងសប្បាយរីករាយចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈសាខាបានទុកចិត្ត និងប្រគល់ការងារ ព្រមទាំងបានរៀបចំពិធីប្រកាស ទទួលស្គាល់ដើម្បីឲ្យចូលបម្រើក្នុងវិស័យ មនុស្សធម៌ក្នុង ស្រុក ភូមិរបស់ពួកគាត់។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង មានប្រសាសន៍ថា៖ អនុសាសន៍ សំខាន់ៗរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើរជូន សាខា អនុសាខា គ្រប់ខេត្តក្រុង រួមមាន៖
១.សូមរក្សាសាមគ្គីភាពឲ្យបានជិតស្និទ្ធ និងសុខដុមរមនីយកម្ម ។
២.ត្រូវពង្រឹងការកសាង និងបង្កើនសមត្ថភាពមន្ត្រី សាខា អនុសាខា ណែនាំតម្រង់ទិស បណ្តុះបណ្តាល បំពាក់បំប៉នការយល់ដឹង ពីការរៀបចំ និងដំណើរការប្រព្រឹត្តទៅរបស់សាខា អនុសាខា តាមលក្ខណៈវិនិច្ឆ័យសាខា និងការគ្រប់គ្រងគម្រោងអភិវឌ្ឍតាមសហគមន៍។
៣.ពង្រឹងកិតិ្តនាមកាកបាទក្រហមកម្ពុជា ដោយ បំពេញការងារតាមគោលការគ្រឹះទាំង៧។
៤.បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រកាកបាទក្រហមឲ្យទៅជាបណ្តាញ ដ៏រឹងមាំ និងកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តភាព និងប្រកបដោយប្រសិទ្ធភាព។
៥.បន្តពង្រឹងពង្រីកសមាជិកភាព លើកម្ពស់ការ កៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត និងទៅតាមសទ្ធាជ្រះថ្លា។
៦.បន្តលើកកម្ពស់ ការចងក្រងឯកសារស្តីពីអ្នកទទួលផល ការថែទាំសមិទ្ធផល ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូន សហគមន៍។
ទី៧.បន្តពង្រឹងរបបរាយការណ៍ ពីហិរញ្ញវត្ថុ និងការអភិវឌ្ឍនភាពសាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ជូនស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាឲ្យបានទៀងទាត់៕

ក្នុងកម្មវិធីនេះដែរអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង បានទទួលចំណូលពីសប្បុរសជនជាបឋមចំនួន ១,៧៣៧ ដុល្លារ។