ផ្ទះចំនួនពីរខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជន០២គ្រួសារ


កំពង់ធំ៖ ផ្ទះចំនួន២ខ្នងផ្ទះ ដែលជាខ្នងផ្ទះលើកទី១២២ និងខ្នងផ្ទះលើកទី១២៣ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន២គ្រួសារ ដែលមានទីតាំងស្រុកផ្សេង គ្នានិងបានផ្តល់ជូនគ្រួសារដែលមានជម្រកស្នាក់នៅមិនសមរម្យ ក្នុងថ្ងៃតែមួយ កាលពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ក្រោយពីបានវះកាត និងធូរស្បើពីអាការៈសុខភាព ក៏បានឆ្លៀតឳកាស ដឹកនាំសហការីព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ផ្តល់ខ្នងផ្ទះលើកទី១២២ ជូនលោក វង្ស វិន អាយុ៦៣ឆ្នាំ អតីតឋានន្តរសក្តិអនុសេនីយ៍ឯកបម្រុង អតីតគណៈបញ្ជាការយោធាស្រុកប្រាសាទសំបូរ ក្នុងអំឡុងឆ្នាំ១៩៨៦ ដល់ឆ្នាំ ១៩៩០ ដោយបានត្រូវរបួសពិការនៅសមរភូមិ ក្នុងសម័យសង្គ្រាមនៅឆ្នាំ១៩៩០ បច្ចុប្បន្នរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារសមាគមអតីតយុទ្ធជន ខេត្ត ស្រុក រួមជាមួយអាជ្ញាធរ បានប្រគល់ជូនគាត់បន្ថែមទៀតនូវអង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ មុងជ្រលក់ថ្នាំចំនួន០២ ត្រីខ០១យួរ និងថវិកា ៣០០,០០០៛។ចំណែកខ្នងផ្ទះទី១២៣ ត្រូវបានប្រគល់ជូនលោក ជួន វន អាយុ៥៤ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារជាន់មីននៅសមរភូមិ នៅអតីតអង្គភាពវរៈសេនាតូចលេខ៥៥ ចាស់នៃយោធាខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពិធីប្រគល់ផ្ទះថ្មីជូនលោក ជួន វន នេះ ក្រុមការងារបានជួយឧបត្ថម្ភបន្ថែមនូវអង្ករចំនួន៥០គីឡូក្រាម មីយើងចំនួន០២កេស ទឹកត្រីទឹកស៊ីអ៊ីវ ០២យួរ មុងជ្រលក់ថ្នាំចំនួន០២ និងថវិការចំនួន២៥០,០០០  រៀល  ។ ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ខ្នងផ្ទះនីមួយៗដែលបានសាងសង់រួច ប្រគល់ជូនអតីតយុទ្ធជនយើង គឺបាន សាងសង់ខ្ពស់ផុតពីដីជញ្ជាំងនិងរនាបក្ដារ ដំបូលប្រក់ស័ង្កសី ជណ្ដើរកាច់ មានទំហំ ៤មx៦ម ហើយងាយស្រួលឲ្យបងប្អូនអតីតយុទ្ធជនយើងស្នាក់នៅ នឹងឡើងចុះ ។

ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមគ្រួសារតីតយុទ្ធជនដែលបានទទួលផ្ទះថ្មី មានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណ ជូនពរសម្ដេចមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងពេលដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍនៃកម្ពុជាយើង។