អភិបាលរាជធានីជំរុញអោយព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព


ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការរក្សាបានសុខសន្តិភាពគឺធានាអោយប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។
ថ្លែងនៅក្នុង កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រ កុលធីតា ជាង៥៦០អង្គ/នាក់ នៅវត្តភ្នៀតសម្ពលីនៅរសៀលថ្ងៃទី៣០ខែមិថុនា សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះអោយគង់វង្ស ទោះក្នុងរូបភាពណាកដោយមិនអោយជនអគតិណាមួយ មកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។
ឯកឧត្តមជំរុញអោយព្រះសង្ឃគ្រប់ព្រះអង្គឲ្យបង្កើនការ បំពេញតួនាទីអោយកាន់តែខ្លំាងក្លាក្នុងការអប់រំសង្គមឲ្យមានសន្តិភាព គ្មានអំពើហិង្សា ស្របពេលដែលវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនហើយប្រទេសជាតិមានសុខសន្តិភាពនិងស្ថេរភាពនយោបាយល្អ។ ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកព្រះ សង្ឃមានតួនាទីសំខាន់ណាស់ដែលរួមចំណែកធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពនិងគ្មានអំពើហិង្សា។ ឯកឧត្តមបន្តថារាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យព្រះសង្ឃបានអប់រំសង្គមតាមរយៈកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដែលត្រូវបានអប់ រំផ្សាយនៅគ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍។បន្ថែមពីនេះទៀតគឺការផ្តល់ពុទ្ធឱវាទរបស់ព្រះសង្ឃតាមរយៈការសម្តែងធម៌ទេសនានៅក្នុងទីវត្តអារ៉ាមនិងកម្មវិធីបុណ្យនានាដោយបញ្ជូលសារអប់រំដូចជា អោយប្រព្រឹត្តអំពើល្អ ចាកឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹងមិនប្រើប្រាស់អំពើហិង្សា និងមិនប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះបន្ទូលថា ការកសាងសុខសន្តិភាពបានល្អពិតជាបានជួយអោយវិស័យពុទ្ធចក្រមានការរីកចំរើនទៅតាមនោះដែរ ជាក់ស្តែងគ្រប់ទីវត្តអារ៉ាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកអោយពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត បានមានព្រះបន្ទូលថា
បច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គបានគោរពប្រតិបត្តិធម៌ វិន័យនិងការសិក្សាមានចំណេះដឹងអោយកានលតែជ្រៅជ្រះទំាងផ្លូវលោកនិងផ្លូវធម៌ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានស្មារតីរស់នៅក្នុងសង្គមប្រកបដោយសុខសន្តិភាព មិនចងគុំនំហើយស្រលាញ់រាប់អានគ្នានិង ប្រាស់ចាក់ពីអំពើអបាយមុខផ្ទុយនឹងច្បាប់សង្គមជាដើម។