ខេត្តកែបៈ មន្រ្តីជាន់ខ្ពស់សាលាខេត្តកែបបានអះអាងថា ជាមួយនឹងស្ថានការណ៍នយោបាយដ៏ល្អប្រសើរ ក្រោមការដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន ប្រទេសជាតិកាន់តែរីកចម្រើន និងអភិវឌ្ឍថែមទៀត តម្លៃដីធ្លីកាន់តែមានតម្លៃខ្ពស់ ហើយវិស័យសំណង់នៅលើទឹកដីខេត្តកែប ក៏កាន់តែរីកដុះដាលជាបន្តបន្ទាប់។
ឯកឧត្តមបន្តថា ការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានបង្កើតរួចហើយនូវគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្ត ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាសមាជិកអចិន្ត្រៃយ៍ និងលេខាធិការដ្ឋាន ព្រមទាំងបាន និងកំពុងធ្វើផែនការរៀបចំដែនដីខេត្ត និងបានធ្វើផែនទីកំណត់ព្រំប្រទល់ ផែនទីប្រើប្រាស់ដីបច្ចុប្បន្ន និងផែនទីហេដ្ឋារចនាសម្ព័ន សម្រាប់ក្រុង និងស្រុករួចរាល់ បានអនុម័តលើប្លង់ប្រើប្រាស់ដីនៅថ្នាក់ក្រុងកែប និងកំពុងកសាងប្លង់គោលប្រើប្រាស់ដី ស្រុកដំណាក់ចង្អើរទៀតផង។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ឱម សំអ៊ែល បានមានប្រសាសន៍ថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរជាទីកត់សម្គាល់ ក្នុងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងសមត្ថភាពស្ថាប័ន ដែលត្រូវការចាំបាច់សម្រាប់អនុវត្តរបៀបវារៈកំណែទម្រង់ដីធ្លីរបស់ខ្លួន។
ឯកឧត្តមបន្ថែមទៀតថា ទោះបីជាក្រសួងរៀបចំដែនដី បានបង្កើតយន្តការរឹងមាំលើវិស័យជាច្រើន មានដូចជា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ការចុះបញ្ជីដីជនជាតិដើម ដីសម្បទានសង្គមកិច្ច ក្របខ័ណ្ឌផ្សេងទៀត ដូចជាសម្រាប់ការគ្រប់គ្រងដីរដ្ឋ ត្រូវបានបង្កើតឡើង ក៏ការអនុវត្តនៅតែមិនបានពេញលេញនៅឡើយ ៕