អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ និងបទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ និងការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យអាទិភាព សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម


ព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ និងបទប្បញ្ញតិ្តនានា សេចក្តីណែនាំថ្មីៗ និងការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យអាទិភាព សម្រាប់អ្នកជាប់ពន្ធតូច និងមធ្យម នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងសិក្ខាសាលានេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករង នាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត អាជីវករ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបជិត ៤០០នាក់ បានអញ្ជើញចូលរួម។

សិក្ខាសាលានេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាស់ធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក ក្នុងគោលដៅកំណត់លក្ខខណ្ឌ សម្រាប់ផ្តល់ការលើទឹកចិត្តផ្នែកពន្ធដារ ដែលមានវិសាលភាពអនុវត្តចំពោះតែសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ។

ក្នុងបទបង្ហាញនេះផ្តោតសំខាន់ទៅលើប្រធានបទចំនួន៤
១-ប្រកាសស្តីពីសវនកម្មពន្ធដារ
២-អនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ
៣-ប្រកាសស្តីពីការចាត់ទុកជាបន្ទុករបស់រដ្ឋ នូវអាករតម្លៃបន្ថែមគ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ។
៤-សេចក្តីណែនាំផ្សេង ៗ

បន្ទាប់ពីមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលារបស់លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយបានបញ្ជាក់ពីខ្លឹមសារដែលមានសារសំខាន់ៗដើម្បីឲ្យម្ចាស់សហគ្រាស អាជីវករនិងសមាជិកអង្គសិក្ខាសាលាត្រូវខិតខំប្រឹងស្តាប់គ្រូឧទ្ទេសពន្យល់បានយល់ដឹងផ្នែកច្បាប់ទាំងអស់គ្នា។

លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយដ្ឋានពន្ធដារបានឡើងមានមតិបើកអង្គសិក្ខាសាលានិងធ្វើបទបង្ហាញលើស្លាយដោយបានពន្យល់អំពីខ្លឹមសារច្បាប់ បទប្បញ្ញតិនានា និងសេចក្តីណែនាំថ្មីៗ ពិសេសការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ពន្ធតូចនិងមធ្យមក្នុងវិស័យជាអាទិភាព ដល់អង្គពិធីឲ្យបានយល់ច្បាស់ ទាំងមន្រ្តីរាជការ និងអាជីវករ ដែលជាអ្នកជាប់ពន្ធបានបំពេញតួនាទីរបស់ខ្លួនបង់ពន្ធដារតាម
ច្បាប់។ក្នុងឱកាសនោះដែរលោកក៏បានលើកឡើងនូវប្រភេទនៃសវនកម្មពន្ធដារដែលអ្នកជាប់ពន្ធត្រូវយល់ដឹង ពីព្រោះការធ្វើសវនកម្មគឺជាយន្តការមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។

លោកបណ្ឌិត កែន សម្បត្តិ បានបន្តទៀតថា អ្នកជាប់
ពន្ធ អាជីវករ សិស្សនិស្សិត ក៏ដូចជាមន្ត្រីរាជការ មានភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ដោយសារតែបច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានភាពទូលំទូលាយផងដែរ ។

សូមបញ្ជាក់ថា វិស័យអាទិភាពសម្រាប់ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ រួមមាន៖
១៖ ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម។
២៖ ផលិត និងកែច្នៃម្ហូបអាហារ។
៣៖ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក, កែច្នៃកាកសំណល់, និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍។
៤៖ កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត។
៥៖ ស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍។
៦៖ សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, និង សហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
សូមបញ្ជាក់ថា វិស័យអាទិភាពទាំងនេះ មិនរួមបញ្ចូលវិស័យដែលប៉ះពាល់ដល់សន្តិសុខសង្គម សុខភាព និងបរិស្ថាន នោះទេ ។

សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យដូចបានរៀបរាប់ខាងលើអាចទទួលបាននូវការលើកទឹកចិត្តដូចជា៖
១៖ លើកលែងពន្ធលើប្រាក់ចំណូលចំនួន៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាស ចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន។
២៖ លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់ សហគ្រាសចុះបញ្ជីថ្មី ឬ ចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលអនុក្រឹត្យនេះចូលជាធរមាន ដែលបំពេញលក្ខខណ្ឌណាមួយ ដូចខាងក្រោម៖ ប្រើវត្ថុធាតុដើមក្នុងស្រុក ចាប់ពី ៦០%ឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច២០% ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)។
៣៖ លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ។
៤៖ លើកទឹកចិត្តចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម៖ ក៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេក-វិទ្យាព័ត៌មាន, ខ៖ អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជី គណនេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត, និងគ៖ អនុញ្ញាតកាត់កងចំណាយ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍ សម្រាប់បម្រើនិងលើកកម្ពស់ផលិតភាពផលិតកម្ម ។
ក្នុងការទទួលបានការលើកទឹកចិត្តដូចបានរៀបរាប់ខាងលើ, សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទប្បញ្ញតិ្តស្តីពីពន្ធដារជាធរមាន។ ផ្ទុយទៅវិញ សហគ្រាសធុនតូច និងមធ្យម ដែលមិនបានបំពេញលក្ខខណ្ឌដូចបានកំណត់ នៅក្នុងអនុក្រឹត្យនេះ ឬខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនានា ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិស្តីពីពន្ធដារ ការលើកទឹកចិត្តដែលបានផ្តល់ជូន នឹងត្រូវបានដកហូតវិញ ។