ក្រុមប្រឹក្សាធម្មនុញ្ញកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីមួយចំនួន ដើម្បីប្រសិទ្ធភាពការងារ


ក្រុមប្រឹក្សាធម្មនុញ្ញនៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើពិធីកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីមួយចំនួន ដើម្បីប្រសិទ្ធភាពការងារក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យកាន់តែប្រសើរថែមទៀត។ ពិធីនេះធ្វើឡើងនៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ (អគារសរ-វិមានរដ្ឋចំការមន) ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម អ៉ឹម ឈុនលឹម បានថ្លែងថា ការកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺឆ្លើយតបតម្រូវការងារជាក់ស្តែងស្រមតាមបេសកកម្មរបស់ក្រុមប្រឹក្សាធម្មនុញ្ញដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបានស្នើឱ្យមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់បន្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រឹងប្រែងបំពេញភារកិច្ចជូនស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលរបស់ជាតិ ក្នុងបុព្វហេតុតម្កល់ផលប្រយោជន៍ជាតិជាធំ។

ក្នុងពិធីនោះ ឯកឧត្តម អ៉ឹម ឈុនលឹម ក៏បានរំលឹកផងដែរថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរពប្រតិបត្តិតាម ក្នុងឋានៈជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ ឯកឧត្តមបន្តថា ការយល់ដឹងអំពីគោលការណ៍ធំៗជាមូលដ្ឋានគ្រឹះ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់ក្នុងការកសាងចំណេះដឹងទូទៅ ប្រកបដោយវិសាលភាពទូលំទូលាយសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលចេះប្រើសិទ្ធិ និងករណីកិច្ចរបស់ខ្លួនត្រឹមត្រូវ ពង្រឹងមនសិការស្នេហាជាតិ សីលធម៌សង្គម ធ្វើឱ្យសង្គមជាតិមួយមានរបៀបរៀបរយ និងសុខដុមរមនា។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានជំរុញឱ្យមន្រ្តីរាជការទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការ បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងកម្មវិធី សិក្សាទាំងបីកម្រិតរបស់ក្រសួងអប់រំ យុវជននិងកីឡា គឺកម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងកម្មវិធីសិក្សានេះ គឺជាយន្តការមួយមានប្រសិទ្ធភាពនិងវិសាលភាព ទូលំទូលាយក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រសួងអប់រំ យុវជននិងកីឡា គឺជាដៃគូដ៏សំខាន់ដ៏មានសក្តានុពលក្នុងកិច្ចការងារនេះ។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធម្មនុញ្ញបាន ត្រៀមកសាងស្តូបអនុស្សាវរីយ៍មួយដើម្បីរលឹកខួបរដ្ឋធម្មនុញ្ញ។ ទន្ទឹមនឹងនេះ ឯកឧត្តម អ៉ឹម ឈុនលឹម ក៏បានលើកឡើងផងដែរថា ឆ្លងកាត់ការបំពេញភារកិច្ចក្នុងអាណត្តិ ៣ឆ្នាំលើកទី៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញពិតជាមានមោទនភាពនឹងលទ្ធផលការងារដែលសម្រេចបាន ហើយសម្រាប់រយៈពេលខាងមុខក្រុមប្រឹក្សាធម្មនុញ្ញ មានការជឿជាក់លើសក្តានុពលនៃធនធានមនុស្ស និងបទពិសោធរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលទើបតែទទួលបានការកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ ព្រមទាំងមន្ត្រីឯទៀតរួមគ្នាដើម្បីឆ្ពោះទៅសម្រេចទិសដៅការងារសម្រាប់អាណត្តិ ៣ឆ្នាំលើកទី៨ ខាងមុខទៀត។

ក្នុងពិធីកែសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញនេះ ឯកឧត្តម អ៉ឹម ឈុនលឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយសំណូមពរដែលក្រុមប្រឹក្សាធម្មនុញ្ញបានគោរពស្នើសុំ។ ជាពិសេសនាពេលចុងក្រោយថ្មីៗនេះ សម្តេចបានសម្រេចដោយសេចក្តីអនុគ្រោះបំផុតដោយផ្តល់ការបន្ថែមថវិកាលើជំពូក៦៤ ដែលនឹងបង្កើនប្រាក់បៀវត្សរបស់មន្ត្រីរាជការនៃក្រុមប្រឹក្សាធម្មនុញ្ញថែមទៀត ដែលនេះពិតជាការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅបានមួយកម្រិតទៀត៕