ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យច្រាំងទន្លេ ដែលរងការបាក់ ស្រុត, ជាលទ្ធផល អភិបាលខេត្តកំពង់ចាម គិតគូរអោយកសាងផ្លូវវាងថ្មីឆ្ងាយពីមាត់ទន្លេសម្រាប់ប្រជាពលរដ្ឋ អាចទៅរស់នៅបាន


នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរ ឯកឧត្តម ប៊ុន ហ៊ាង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម  បានអញ្ជើញចុះពិនិត្យច្រាំងទន្លេ ដែលរងការបាក់ ស្រុត នាពេលកន្លងមក ដែលស្ថិតនៅក្នុង ឃុំព្រះអណ្ដូង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួររំលឹកដែរថា កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា កន្លងទៅ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញ មកពិនិត្យម្តងរួចហើយ ដោយ បានគិតគូរ អោយជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រួមជាមួយ ស្រុក និងឃុំ សិក្សាលើកគំរោង ផ្លូវ វាងថ្មី ឆ្ងាយពី មាត់ទន្លេ ដែលមានច្រាំងបាក់ ដើម្បីកសាងផ្លូវមួយខ្សែ សម្រាប់ប្រជាពលរដ្ឋ អាចទៅរស់នៅបាន គេចចេញពីកន្លែងច្រាំងបាក់ ដែលកំពុងគំរាមកំហែង។

បន្ទាប់ពីការពិនិត្យការបាក់ច្រាំងទន្លេនៅរួចមក ឯកឧត្តម ក៏បានអញ្ជើញចូលរួមបុណ្យ អភិសេកព្រះបដិមាដែលប្រជាពលរដ្ឋបានប្រារព្ធធ្វើឡើងនៅសាលាឆទាន១កន្លែង ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា ក៏បានប្រគេនថវិកាចូលបុណ្យ ចំនួន ៥០ ម៉ឺនរៀលផងដែរ ។

តមកទៀត ឯកឧត្តម បានចុះពិនិត្យ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។