សាលារាជធានីភ្នំពេញសម្រេចសាងសង់អគារមណ្ឌលសុខភាពមួយ ខ្នងបន្ថែមទៀតនៅមជ្ឈមណ្ឌលឱកាសខ្ញុំ


ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦– ដោយមើលឃើញអំពីការខ្វះខាតអគារផ្ដល់សេវាសុខភាព សម្រាប់ស្តារនីតិសម្បទា ជនរងគ្រោះដោយ សារគ្រឿងញៀននោះ អភិបាលរាជធានីភ្នំពេញបានសម្រេច សាងសង់អគារមណ្ឌលសុខភាពមួយខ្នងបន្ថែមទៀត ដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីធានាដល់ ការព្យាបាលជនរងគ្រោះប្រកបដោយគុណភាព និងស្របតាមស្តង់ដារអន្តរជាតិ។
ថែ្លងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀន នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការសម្រេចសាងសង់មណ្ឌលសុខភាពបន្ថែមនៅក្នុងមជ្ឈ មណ្ឌលឱកាសខ្ញុំនេះ បន្ទាប់ពីការព្យាបាលបន្សាបគ្រឿងញៀន ដល់ជនរងគ្រោះ នៅមានលក្ខណៈ មិនទាន់ល្អនៅឡើយ អគារតូចចង្អៀត ខណៈដែលចំនួនជនរងគ្រោះមកទទួលសេវា ព្យាបាលកាន់តែមានកំណើនកើនឡើង។
ឯកឧត្តមបានបញ្ជាក់ថា មណ្ឌលសុខភាពព្យាបាលជនរងគ្រោះដោយ សារគ្រឿងញៀននេះ មិនត្រឹមតែ ផ្តល់សេវាព្យាបាលដល់ជនរងគ្រោះនៅក្នុង មណ្ឌលប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងផ្តល់ប្រឹក្សា ដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋមកពីខាង ក្រៅក្នុងការព្យាបាលនិងថែទំាសមាជិកគ្រួសារដែលមានសារធាតុញៀន នៅឯមូលដ្ឋានផងដែរ។
ឯកឧត្តមបានបន្ដថា អាជ្ញាធរចាំបាច់ណាស់ក្នុងការរៀបចំសេវាព្យាបាល នៅក្នុងមជ្ឈមណ្ឌលនេះ ឱ្យកាន់តែប្រសើរ ដើម្បីដោះស្រាយទុក្ខលំបាករបស់ជនរងគ្រោះពិសេសជួយការពារ កុំឱ្យជនរងគ្រោះ អាចលាប់សារធាតុញៀន នៅក្នុងខ្លួនត្រឡប់វិញ ដែលធ្វើឱ្យសង្គមកាន់តែមានផលវិបាក។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា កម្លំាងសមត្ថកិច្ចគ្រប់ផ្នែកកំពុងតែបង្កើនសកម្មភាព យ៉ាងសកម្មបំផុតក្នុងការបង្ក្រាបទប់ស្កាត់ ការចរាចរគ្រឿងញៀន គ្រប់រូបភាពទំាងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីបោសសម្អាតបញ្ហាគ្រឿងញៀន ចេញពីសង្គមកម្ពុជា។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំបានបញ្ជាក់ថា បច្ចុប្បន្នបុគ្គលិកសុខាភិបាល ដែលចាំព្យាបាលជនរងគ្រោះដោយសារ គ្រឿងញៀន និងប្រឹក្សាយោបល់ ក្នុងមជ្ឈមណ្ឌល ឱកាសខ្ញុំមាន ចំនួនត្រឹមតែជាង១០នាក់ប៉ុណ្ណោះ ស្របពេលដែលជនរងគ្រោះ កំពុងស្នាក់នៅរហូតដល់ជាង១ពាន់នាក់ ដូច្នេះទាមទារ ឱ្យមានការបង្កើនទំាងបុគ្គលិកសុខាភិបាលជំនាញ និងអគារសម្រាកព្យាបាល។
លោកស្រីបន្តថា មជ្ឈមណ្ឌលនេះមិនត្រឹមតែផ្តល់សេវាព្យាបាលប៉ុណ្ណោះទេ គឺបានផ្តល់ការអប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ជនរងគ្រោះផងដែរ ដើម្បីឱ្យជនរងគ្រោះបានធ្វើ សមាហរណកម្ម ទៅកាន់មូលដ្ឋានវិញ ក្លាយជាបុគ្គលដ៏ល្អនិងមានជំនាញវិជ្ជាជីវៈប្រកបរបរ ចិញ្ចឹមជីវិតបាន។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៦មក នៃការបើកមជ្ឈ មណ្ឌលឱកាសខ្ញុំមជ្ឈមណ្ឌល ទទួលជនរងគ្រោះដោយសារធាតុញៀនមាន ចំនួនជាង ១២០០០នាក់ ក្នុងនោះស្រី ជាង៦០០នាក់ ហើយបច្ចុប្បន្ន ជនរងគ្រោះដែល កំពុងទទួលសេវាបន្តផ្តាច់សារធាតុញៀន ក្នុងមជ្ឈមណ្ឌលមានចំនួន ជាង១២០០នាក់ ក្នុងនោះស្រ្តី៦៧នាក់៕