ពិធីសំណេះសំណាល  ថ្លែងអំណរគុណដល់មន្ត្រីរាជការ​​ កងកម្លាំង​ និងសប្បុរសជនដែលបានចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់រលំអគារ​ នៅខេត្តព្រះសីហនុ


ពិធីសំណេះសំណាល  ថ្លែងអំណរគុណដល់មន្ត្រីរាជការ​​ កងកម្លាំង និងសប្បុរសជនដែលបានចូលរួមប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់រលំអគារ​ នៅខេត្តព្រះសីហនុ​ បានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែកក្កដា​ ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ​ ដែលមានការចូលរួមពីសំណាក់អ្នកសង្គ្រោះ កងកម្លាំងប្រដាប់អាវុធ​ មន្ត្រីរាជការ​ និងសប្បុរសជន ចំនួន១៤៧២ នាក់ ក្រោមអធីបតីភាព របស់ឯកឧត្តម​​ ហ៊ុន​ ម៉ានី​ សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តម​ សាយ សំអាល់​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ​​ និងឯកឧត្តម​ គួច ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

មានប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ស្តែងចេញពីឧបទ្ទវហេតុនៃការរលំអគារ​ បានបង្ហាញពីការចូលរួមរបស់ប្រជាជនខ្មែរមិនថាមកពីទីណាដើម្បីរំដោះ​ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ។​ ក្នុងថ្ងៃកើតហេតុនោះ​ ទោះបីជានៅឆ្ងាយយ៉ាងណា​​​ ឬនៅទីកន្លែងណា​ក៏ប្រជាជនខ្មែរនៅតែខ្វល់ខ្វាយ តាមដាន​ពីសុខទុក្ខ និងបន់ស្រន់សូមអោយបងប្អូនខ្មែរមានសុវត្ថិភាព​ ក្រុមការងារស្ថាប័នទាំងអស់ មានសរុបជាង១១​ស្ថាប័នមករួបរួមគ្នា​ មកសហការរួមគ្នា មកជាកម្លាំងរួមផ្សំគ្នា។ នេះជាគំរូវីរៈភាពសម្រាប់មនុស្សជំនាន់ក្រោយ​ និងបានបញ្ជាក់រឹតតែច្បាស់ថា​ កម្ពុជាមិនមែនជាសង្គមសក់អ្នកណាក្បាលអ្នកនោះ។​ បេសកកម្មនេះ គឺមិនមែនជាការចាត់តាំង តែជាសកម្មភាពដែលកើតចេញពីចិត្តយ៉ាងពិតប្រាកដ មិនថាជាការវិនិយោគនៅថ្ងៃនេះ​ ឬថ្ងៃក្រោយ ត្រូវតែដាក់ផលប្រយោជន៍ខ្មែរជាចម្បង

ជាទីបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស​ ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត  ​ នេត​​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ដែលបានយកចិត្តទុកដាក់​ និងបានលើកទឹកចិត្តដល់ក្រុមសង្គ្រោះក្នុងឧបទ្ទវហេតុ។​