ក្រសួងបរិស្ថានពង្រឹងសមត្ថភាពការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីបរិស្ថានដល់ជនបង្គោលនៅតាមរាជធានី ខេត្ត


នៅ ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ងិន លីនណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័តមានបរិស្ថាន ក្រសួងបរិស្ថាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពត៏មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានអញ្ជើញជាធិបតីភាពក្នុងពិធីបើក សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលព័ត៍មានលើវិស័យបរិស្ថានស្តីពី”ពង្រឹងសមត្ថភាពការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីបរិស្ថាន” នៅសណខេត្តពោធិ៍សាត់ ។ វេទិកានេះប្រព្រឹត្តទៅមួយថ្ងៃពេញ ដោយមានការចូលរួម ពី លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា លោក ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុ និងទូរទស្សន៍អប្សារា និង មន្រ្តីជនបង្គោលមកពីមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ សរុបចំនួន ៤៥នាក់ ។

លោកជំទាវ ងិន លីនណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័តមានបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនាយកដ្ឋានព័តមាន និងផ្សព្វផ្សាយបរិស្ថាន បានរៀបចំនូវសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលព័ត៍មានលើវិស័យបរិស្ថានក្នុងគោល បំណង ១-ពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមលើការសរសេរពត៏មាន ការរាយការណ៍ពីលទ្ធផលការងារ និងសម្ធិទិផល វិស័យបរិស្ថានដល់ជនបង្គោលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត ក្នុងការផ្តល់នូវពត៏មានបរិស្ថាន ប្រកបដោយខ្លឹមសារ ចំគោលដៅ និងប្រសិទ្ធភាព មកថ្នាក់លើ។
២-ពង្រឹងតួនាទីស្នូលរបស់មន្រ្តីបរិស្ថានជាជនបង្គោលពត៏មានបរិស្ថាន ក្នុងការផ្សព្វផ្សាយពត៏មានបរិស្ថានជូនសាធារណជន និងបណ្តាញសារពត៏មាននានា ស្របទៅតាមសរសរស្តម្ភទាំង៤របស់ក្រសួងបរិស្ថាន គឺកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចេរភាព។ ៣-ប្រមូលធាតុចូលរាល់បញ្ហាប្រឈមទាំងឡាយណា ដែលមន្ត្រីជនបង្គោលបានជួបប្រទះក្នុងការសរសេរ និងផ្តល់ពត៏មានបរិស្ថានក្នុងយៈពេល១ឆ្នាំកន្លងមកនេះ។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពត៏មាន និងសោតទស្សន៍នៃក្រសួងព័តមាន បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងបរិស្ថានដែលបានរៀបចំនូវសិក្ខសាលានេះឡើង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការតំរង់ទិសដល់បណ្តាលអ្នកសារពត៏មាននានា ក្នុងការស្វែងរកប្រភពព័ត៏មានបរិស្ថានពិតប្រាកដមួយ ប្រកបដោយវិជ្ជាជីវៈ អាចជឿទុកចិត្តបាន គ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៏មាន ពីសារៈសំខាន់ សម្ធិផល និងសក្តានុពលបរិស្ថានកម្ពុជានៅគ្រប់ទីកន្លែង។
គួរបញ្ជាក់ថា: សិក្ខាសាលានេះ បានរៀបចំជាកិច្ចពិភាក្សាស្តីពី បញ្ហាប្រឈម និងការចូលរួមចំណែករបស់ភាគីពាក់ពទ្ធ័នានា ក្នុងការជំរុញការផ្សព្វផ្សាយព័តមានបរិស្ថានគ្រប់មធ្យោបាយ និងគ្រប់រូបភាព ធ្វើយ៉ាងណាកែប្រែឥរិយាបទ និងផ្នត់គំនិតសាធារណជនឱ្យមានទស្សនៈវិជ្ជមាន និងចូលរួមថែរក្សាបរិស្ថានយើងប្រកបដោយចីរភាព។