អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលកំពុងសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ


ប៉ៃលិន៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ របស់កម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ បានចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលបានសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ នាពេលខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសំណូមពរដល់ ក្មួយៗ បេក្ខជនត្រៀមប្រឡង ចំនួន ០៣ចំណុចដូចជា៖

១-បេក្ខជនត្រូវមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង តាមរយៈការធ្វើស្វ័យសិក្សាទៅតាមវិធីសាស្រ្តដែលបានចង្អុលបង្ហាញដោយលោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវគិតគូររក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនរួចជាស្រេចមុនពេលប្រឡង។

២-នៅពេលដែលប្រឡងជាប់សូមកុំភ្លេច លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនប្អូនៗ ពីព្រោះប្រសិនបើគ្មានពួកគាត់ទេ យើងក៏ពុំអាចប្រឡងជាប់ដែរ ហើយសូមជឿចុះ (គ្មានគ្រូពេទ្យណាចង់ព្យាបាលឲ្យអ្នកជម្ងឺស្លាប់នោះទេ ហើយក៏គ្មានគ្រូបង្រៀនណាចង់ឲ្យសិស្សរបស់ខ្លួន ប្រឡងធ្លាក់ដែរ)។

៣-សូមកុំភ្លេចគុណឪពុកម្តាយ ពីព្រោះគ្មានពួកគាត់ជាអ្នកដែលតែងតែឈរនៅពីក្រោយផ្តល់កម្លាំងចិត្តដល់យើងគ្រប់កាលៈទេសៈ បើទោះបីជាយ៉ាងណាក៏គាត់ នៅតែគាំទ្រយើងដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម់ានី ជាប្រធាន បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃ ក្នុងការឧបត្ថម្ភគាំទ្រឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។

ជាចុងក្រោយ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមទទួលបានជោគជ័យក្នុងការ ប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេស A ឯកឧត្តមនឹងឧបត្ថម្ភ ម៉ូតូ ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿងផងដែរ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល ១-មណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ ២-មណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន។