កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី


ដូចការគ្រោងទុក នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ នៅសាធារណរដ្ឋតួកគី​ ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី​ ។

មុនពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាណាចក្រកម្ពុជា និងឯកឧត្តម Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី បានជួបពិភាក្សាទ្វេគ្នាភាគី ក្នុងបរិយាកាសប្រកបដោយមិត្តភាពយ៉ាងជិតស្និតបំផុត ដោយនៅក្នុងឱកាសនោះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​ ។

ក្រោយពីបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ឯកឧត្តម Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាធាណរដ្ឋតួកគី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមាន​ប្រសាសន៍ទៅកាន់អង្គពិធី ដែលបានអញ្ជើញចូលរូមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ​ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Suleyman soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី បានមានប្រសាសន៍ថា ក្រោយពីគោលការឯកសារភាពគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរមក កម្ពុជា និងតូកគី បានរៀបចំផ្លាស់ប្ដូរទស្សនកិច្ច ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​ ។

ឯកឧត្តមបន្តបានមានប្រសាសន៍ថា ក្រោយទស្សនកិច្ច​ រវាងថ្នាក់ដឹកនាំកំពូល និងទស្សនកិច្ចរបស់សម្ដេចក្រឡាហោមនាពេលនេះ នឹងធ្វើឲ្យការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់ខ្លាំងក្លា ជាក់ស្ដែងក្នុងកិច្ចប្រជុំជាមួយសម្ដេចក្រឡាហោម​ ស ខេង​នាឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងលទ្ធផលល្អ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមុនពេលចុះហត្ថលេខានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការងារប្រយុទ្ធប្រឆាំងភេវរកម្ម រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយបានឯកភាពគ្នាប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទាំងពីរនេះឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរ។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជានាឱកាសនេះ ឯកឧត្តមបានបញ្ជាក់ថាគឺចំពេលនៃការប្រារព្ធខូបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាលើកទី១ដែរនៃទស្សនកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ​ ។

បន្ទាប់មកឯកឧត្តមបានសម្ដែងសេចក្ដីរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដែលបានចាត់វិធានការប្រឆាំងនឹងក្រុមភេរវកម្មហ្វេកតូនាពេលកន្លងមក ហើយថាភាគីទាំងពីរនឹងបន្តការងារយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតលើការងារប្រឆាំងភេរវកម្មនេះទៀត។

ក្រៅតែពីការចុះកិច្ចព្រមព្រៀងក្នុងវិស័យសន្តិសុខ ឯកឧត្តមបានបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពគ្នាប្ដេជ្ញាលើការពង្រឹងកិច្ចសហការផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងាររក្សាសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថភាព និងការគ្រប់គ្រងចរាចរណ៍ និងការផ្លាស់ប្ដូរបទពិសោធន៍លើការងារពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

ឯកឧត្តមក៏បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល​នគរបាល មន្រ្តីសន្តិសុខ​ ឆ្មាំសមុទ្រ រួមទាំងកងរាជអាវុធហត្ថ ហើយថាតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នាពេលខាងមុខនេះ ភាគីទាំងពីរនឹងជំរុញឲ្យមានការបណ្ដុះបណ្ដាលនគរបាលនៃប្រទេសទាំងពីរ។

ដោយឡែកនៅក្នុងកិច្ចប្រជុំទ្វេភាគីនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី ក៏បានជម្រាបជូនអង្គពិធីដែរថា ភាគីទាំងពីរបានពិភាក្សាគ្នាដែរ អំពីបញ្ហាតំបន់ និងពិភពលោក ក្នុងនោះក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបណ្ដាញក្រុមភេរវកម្ម និងលំហូរជនទេសន្តប្រវេសន៍។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញមានប្រសាសន៍ទៅកាន់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី និងអង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចក្នុងនាមគណៈប្រតិភូកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី ដែលបានអញ្ជើញសម្ដេច និងគណៈប្រតិភូមកបំពេញទស្សនកិច្ចនាឱកាសនេះ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការអញ្ជើញនេះ ថាជាការបញ្ជាក់ឲ្យឃើញពីបំណងដ៏ល្អរបស់ឯកឧត្តមរដ្ឋមន្រ្តី និងរដ្ឋាភិបាលតួកគី ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយជារួម និងដោយឡែកពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងក្រសួងមហាផ្ទៃប្រទេសទាំងពីរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសសាន៍សម្ដែងការឯកភាពទាំងស្រុងទៅនឹងអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានមានប្រសាសន៍ថាអ្វីៗដែលភាគីទាំងពីរទទួលបាននៅថ្ងៃនេះ គឺដោយសារការត្រួសត្រាយពីថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺឯកឧត្តមប្រធានាធិបតីតួកគី និងសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះការរីកចម្រេីនរបស់សាធារណរដ្ឋតួកគី ទោះបីមានបញ្ហាផ្នែកសន្តិសុខ និងបញ្ហាដ៏ទៃទៀតជាច្រើនក្ដី ប៉ុន្តែក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី និងការចួលរួមអនុវត្តយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ទាល់ តួកគីនៅតែរីកចម្រេីន និងប្រកបដោយក្ដីសង្ឃឹម។

ដោយឡែក សម្ដេចក៏បានបង្ហាញការជឿជាក់ដែរថាក្រៅពីរាជរដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងកាន់តែមានការរីកចម្រេីន ជាក់ស្ដែងនៅតួកគីសព្វថ្ងៃ មាននិស្សិតខ្មែរមកសិក្សាប្រមាណ៧០នាក់ ក្នុងនោះក៏មាននិស្សិតខ្មែរឥស្លាមដែរ ហើយសម្ដេចសង្ឃឹមថាចំនួននិស្សិតមកសិក្សានឹងមានការកើនឡើង។

ជាចុងបញ្ចប់សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះការលើកឡើងទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី ពាក់ព័ន្ធនឹងកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងបានគូសបញ្ជាក់ថាអ្វីៗគឺភាគីទាំងពីរបានបង្ហាញឆន្ទៈអនុវត្តហើយ នៅឡើយតែការអនុវត្តជាក់ស្ដែងដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃនេះ ជាលទ្ធផលកើតចេញពីការឯកភាពគ្នាវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រេជីប ថាយីប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ៕