ឯកឧត្តម ផៃ ស៊ីផាន បានវាយបកវិញថា នេះជាចរឹកឈ្លានពានរបស់អាមេរិក ដែលបានម៉ាក់ងាយប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់បានចេញទៅបោះឆ្នោតកាលពីឆ្នាំ២០១៨


ភ្នំពេញ៖ តបទៅភាគីអាមេរិក ដែលចាត់ទុកការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក្នុងគម្រប់ខួប១ឆ្នាំ (២៩ កក្កដា ២០១៨-២៩ កក្កដា ២០១៩) ថាមានកំហុសឆ្គងជាខ្លាំង ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានវាយបកវិញថា នេះជាចរឹកឈ្លានពានរបស់អាមេរិក ដែលបានម៉ាក់ងាយប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺននាក់បានចេញ ទៅបោះឆ្នោតកាលពីឆ្នាំ២០១៨។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា រដ្ឋាភិបាលអាមេរិកកត់សម្គាល់ខួប១ឆ្នាំ នៃការបោះឆ្នោតនៅកម្ពុជា មានកំហុសឆ្គងយ៉ាងខ្លាំង។ អាមេរិកថា ការបោះឆ្នោតនេះ មិនមានភាពសេរី និងយុត្តិធម៌ ក៏មិនតំណាងឲ្យឆន្ទៈ របស់ពលរដ្ឋឡើយ។

ឯកឧត្តម ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី៣០ កក្កដា ថា “នេះជាចរឹកឈ្លានពាន នូវដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាម៉ាក់ងាយ ទៅលើប្រជាពលរដ្ឋកម្ពុជា ក្នុងការចេញទៅបោះឆ្នោត”។

ឯកឧត្តមបន្ដថា លទ្ធផលបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិទី៦ នាពេលកន្លងទៅនេះ កម្ពុជាមិនបានស្ដាប់បង្កាប់ បញ្ជាពីបរទេសឡើយ គឺលទ្ធផលស្ដាប់តែគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រដ្ឋធម្មនុញ្ញ និងពលរដ្ឋខ្មែរប៉ុណ្ណោះ ។

ឯកឧត្តម ផៃ ស៊ីផានបន្ថែមថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀតក៏មិនស្ដាប់ ពួកក្រុមឧទ្ទាមក្រៅច្បាប់នោះដែរ។

ស្ថានទូតអាមេរិក សរសេរបន្ថែមថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ បានផាត់ចោលអតីតគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យបាត់បង់នូវ សមិទ្ធិផលរបស់កម្ពុជា ក្នុងការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ក្នុងករណីនេះ ឯកឧត្តម ផៃ ស៊ីផាន មានប្រសាសន៍ថា “អាហ្នឹងគឺការងារដោយសារការចោទប្រកាន់ គណបក្សក្រុមនុងដែលជាក្រុមអាយ៉ង របស់បរទេសដែលរដ្ឋធម្មនុញ្ញទាំងច្បាប់កម្ពុជា មិនអនុញ្ញាតឲ្យនោះទេ។ អានេះ យើងធ្វើនៅក្នុងអធិបតេយ្យភាព របស់កម្ពុជា” ។

អាមេរិកក៏បានអំពាវនាវឲ្យ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ ទាំងឡាយប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន ។

សូមរំលឹកថា ការបោះឆ្នោតអាណត្តិទី៦ ក្រោមការត្រួតពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ អន្តរជាតិ៥០០នាក់ ។ អ្នកសង្កេតការណ៍ជាតិ ៨០.០០០នាក់ និងអ្នកសង្កេតការណ៍មកពីគណបក្ស ៩.០០០នាក់ ។ ក្នុងនោះមានគណបក្សចូលរួមបោះឆ្នោត ២០គណបក្ស និងអ្នកមានឈ្មោះទៅបោះឆ្នោត ៨លាន៤សែននាក់។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោត ៕