មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបទៅភាគីសហរដ្ឋអាមេរិកថា ជំហរកម្ពុជាមិនធ្វើការតបតអ្វីទៅអាមេរិកក្នុងលក្ខណៈជាជំលោះនោះទេ


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមមន្រ្តីជាន់ខ្ពស់បានឆ្លើយតបទៅភាគីសហរដ្ឋអាមេរិកថា ជំហរកម្ពុជាមិនធ្វើការតបតអ្វីទៅអាមេរិកក្នុងលក្ខណៈជាជំលោះនោះទេ ក្នុងករណីបានចោទប្រកាន់ថា ក្រោយការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ កន្លងមកនេះ កម្ពុជាមានកំហុសឆ្គងជាខ្លាំង ដោយសារបានផាត់ចោលអតីតគណបក្សសង្រ្គោះជាតិ ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា រដ្ឋាភិបាលអាមេរិកកត់សម្គាល់ខួប១ឆ្នាំ នៃការបោះឆ្នោតនៅកម្ពុជា មានកំហុសឆ្គងយ៉ាងខ្លាំង។

អាមេរិកថា ការបោះឆ្នោតនេះ មិនមានភាពសេរី និងយុត្តិធម៌ ក៏មិនតំណាងឲ្យឆន្ទៈ របស់ពលរដ្ឋឡើយ។

អាមេរិកក៏បានអំពាវនាវឲ្យ រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ ទាំងឡាយប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្តនូវ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន ។ ប៉ុន្តែចំណុចនេះ ត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌តបថា មិនអាចធ្វើតាមសំណូមពរបែបនេះបានទេ ត្រូវដោះស្រាយតាមផ្លូវច្បាប់។

ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល១ឆ្នាំបន្ទាប់ពីការបោះឆ្នោត នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលហៅអាមេរិកជាពួកព្រៃ។ លោកថា ជំហររបស់កម្ពុជាមិនធ្វើអ្វីជាការតបតដើម្បីបង្កឲ្យមានជំលោះទេ គឺយកដំណោះស្រាយតាមការទូត ដោយមិនធ្វើជាចរឹកព្រៃដូចពួកគេទេ ។

លោកបញ្ជាក់ថា “ពួកហ្នឹងគឺពួកព្រៃដែលខុសពីអ្វីពីការចុះហត្ថលេខា និងកិច្ចបព្រមព្រៀងទំនាក់ទំនងការងារទូតឡាយ៉ែនៅឆ្នាំ១៩៦១។ កម្ពុជាស្ថិតនៅរដ្ឋស៊ីវិល័យ ហើយអ្នកនិយាយអ្នកញុះញង់គឺស្ថិតក្នុងកំលាំងប្រើប្រាស់កំលាំងបាយ និងការប្រើប្រាស់របៀបព្រៃផ្សៃប៉ុណ្ណោះ”

ឆ្លើយតបទៅក្រុមអ្នកសារព័ត៌មានអំពីការថា តើមានប្តឹងផ្តល់ទេដែលអាមេរិកចោទកម្ពុជាចឹង? លោក ផៃ ស៊ីផានថ្លែងថា កម្ពុជាមិនធ្វើការប្តឹងផ្តល់អ្វីទេគឺយកការងារទូតជា ការដោះស្រាយតាមរយៈគោលការណ៍រដ្ឋធម្មនុញ្ញ និងការងារគោលនយោបាយការបរទេសរបស់កម្ពុជាក៏ដូចជាគោលការណ៍របស់អាស៊ានដែរ ។

លោកបន្តថា “ជាការងាររបស់ការបរទេស យើងមិនយកមកធ្វើជាសាធារណៈទេ ទុកឲ្យពួកព្រៃប្រើប្រាស់ជាសាធារណៈ។ ដូច្នេះអាចបង្ហាញបាន តើពួកព្រៃ និងពួកនីតិរដ្ឋស៊ីវិល័យប្រើរបៀបយ៉ាងម៉េចវិញ”

ចំណែកលោក ជិន ម៉ាលីន បានឲ្យដឹងដែរថា ការបញ្ជារបស់ទូតអាមេរិកបែបនេះ(ដោះលែងលោក កឹម សុខា) នឹងមិនមានឥទ្ធិពលអ្វីមកលើស្ថាប័នតុលាការឡើយ ។

លោកបញ្ជាក់ថា “ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ មិនមានក្រុមណា ឬស្ថាប័នណា ឬអង្គទូត មកបង្គាប់បញ្ជាទៅតុលាការ នៃរដ្ឋអធិបតីមួយឲ្យមកដោះលែង ឬមិនដោះ ទំលាក់ការចោទប្រកាន់ នោះ គឺមិនអាចបានទេ ដោយសារតុលាការជាស្ថាប័នឯករាជ្យ”

លោកបន្តថា បើចង់ជួយលោក កឹម សុខា មានតែដំណើរការតាមនីតិវិធីច្បាប់ប៉ុណ្ណោះ។ ការបង្ខំឲ្យដោះលែង និងឲ្យទំលាក់បទចោទប្រកាន់ គឺជាទង្វើមួយមិនអាចទទួលយកបានឡើយ៕